ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលវាយប្រហារ ទីក្រុង Damascus រុស្ស៊ី និងស៊ីរី ប្រតិកម្មបែបណា?

ចែករំលែក៖

នៅពេលនេះអ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំង អាកាសយានដ្ឋាន ក្នុងទីក្រុង Damascus ប្រទេសស៊ីរី ដែលជាសញ្ញាថ្មីមួយនៃសង្គ្រាមគ្រោះថ្នាក់នៅស៊ីរី ។

នៅព្រឹកថ្ងៃទី២៧ ខែមេសា ទាហានអាកាសអ៊ីស្រាអែល បានវាយប្រហារចំឃ្លាំងអាវុធនៅជិតអាកាសយានដ្ឋាន ក្នុងប្រទេសស៊ីរី ដែលអ៊ីស្រាអែលប្រកាសថា ជាឃ្លាំងគ្រាប់របស់ ទាហានអ៊ីរ៉ង់ផ្តល់សម្រាប់ក្រុមហេសបូឡាស៍នៅលីបង់ សម្រាប់ប្រឆាំងនឹងអ៊ីស្រាអែល។

សារព័ត៌មាន Al Masdar បញ្ជាក់ថា ទាហានអាកាសអីស្រាអែលបានបើកការវាយប្រហារ ៥លើក ទៅលើ ទីតាំងឃ្លាំងគ្រាប់នៅក្នុងប្រទេសស៊ីរី មានចម្ងាយពីរដ្ឋធានី២៥គីឡូម៉ែត្រ ។ ការវាយប្រហាររបស់អីស្រាអែលធ្វើឡើងក្រោយពេលដែលអាមេរិកវាយប្រហារ ដោយមីស៊ីលចេញពីនាវា ចម្បាំងទៅលើទីតាំងទ័ពអាកាសរបស់ស៊ីរី។ នៅពេលនេះ រុស្ស៊ី និងស៊ីរីមិនទាន់មានប្រតិកម្មអ្វីចំពោះការវាយប្រហារខាងលើនៅឡើយ ។

បើយោងតាមការអះអាងរបស់ក្រុមហេសបូឡាស៍ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល គឺសម្តៅទៅលើឃ្លាំងស្តុកប្រេង និងអាវុធ នៅក្នុងមូលដ្ឋានទ័ពស៊ីរីដែលស្ថិតនៅក្បែរព្រលានយន្តហោះក្រុងដាម៉ាស់ ។ ក៏ប៉ុន្តែក្រុមហេសបូឡាស៍មិនបានបញ្ជាក់ឲ្យដឹងទេថា តើឃ្លាំងស្តុកអាវុធដែលរងការវាយប្រហារនេះ ជាឃ្លាំងរបស់ពួកគេ ឬក៏ជាឃ្លាំងរបស់កងទ័ពស៊ីរីនោះឡើយ ។

គួរបញ្ជក់ថា ក្រុមហេសបូឡាស៍ គឺជាចលនានយោបាយ និងប្រដាប់អាវុធអ៊ីស្លាមនៅលីបង់ តែជាសម្ព័ន្ធមិត្តរបស់របបដឹកនាំរបស់បាសា អាល់អាសាដ និងអ៊ីរ៉ង់ហើយបច្ចុប្បន្ននេះក្រុមប្រដាប់អាវុធនេះកំពុងតែមានវត្តមាននៅក្នុងប្រទេសស៊ីរី ដើម្បីជួយកងទ័ពលោកអាសាដ ក្នុងសង្រ្គាមទល់នឹងក្រុមឧទ្ទាមគាំទ្រដោយលោកខាងលិច ។

ចាប់តាំងពីសង្រ្គាមស៊ីវិលស៊ីរីផ្ទុះឡើងមក អ៊ីស្រាអែលធ្លាប់បានបើកការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើករួចមកហើយ ទៅលើទីតាំងមួយចំនួន នៅក្នុងទឹកដីស៊ីរីដោយអ៊ីស្រាអែលអះអាងថា ជាការវាយប្រហារសំដៅរារាំងកុំឲ្យក្រុមហេសបូឡាស៍នាំយកអាវុធពីអ៊ីរ៉ង់ឆ្លងកាត់ប្រទេសស៊ីរី ចូលទៅក្នុងទឹកដីលីបង់ដើម្បីទុកវាយប្រហារលើអ៊ីស្រាអែល។ អ៊ីស្រាអែល និងលីបង់ដែលបានផ្ទុះសង្រ្គាមនឹងគ្នា កាលពីឆ្នាំ២០០៦ ហើយដែលរហូតមកទល់នឹងពេលនេះ កំពុងបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយដោយសារតែភាគីទាំងពីរមិនទាន់ចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅឡើយ។

ទាក់ទងនឹងការផ្ទុះនៅក្បែរព្រលានយន្តហោះក្រុងដាម៉ាស់ រដ្ឋាភិបាលអ៊ីស្រាអែលមិនបានធ្វើការបញ្ជាក់ថា ជាស្នាដៃរបស់ខ្លួននោះទេ ក៏ប៉ុន្តែ ប្រមុខចារកិច្ចអ៊ីស្រាអែលបានលើកឡើងថា ការវាយប្រហារទៅលើទីតាំងហេសបូឡាស៍ក្នុងទឹកដីស៊ីរី ដូចជានៅមូលដ្ឋានទ័ពក្បែរក្រុងដាម៉ាស់នេះជាដើម គឺស្របទៅនឹងនយោបាយរបស់អ៊ីស្រាអែល ៕ ម៉ែវ សាធី


ចែករំលែក៖