ភ្នំពេញ៖ រថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បានបើកបុកគ្នាជាមួយរថយន្តម៉ាកកាមរីបាឡែន១គ្រឿងទៀតយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងនោះរងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នោះដែរធ្វើឲ្យអ្នកបើកបររថយន្តកូរ៉េដឹកដែកទាំងព្រូនិងតៃកុងបានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យភ្លាមៗ។
ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅខាងត្បូងវត្តស្លែង ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលបានបើកបុកគ្នានោះ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (រថយន្តកូរ៉េមួយតោនកន្លះ) ពណ៏សពាក់ ស្លាកលេខភ្នំពេញ2H-3361 ហើយអ្នកបើកបរម្នាក់និងព្រូម្នាក់បានរងរបួសធ្ងន់ តែមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ ដោយរថយន្តនោះបានបើកបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-1166 បើកបរដោយនារីម្នាក់មិនស្គាល់ឈ្មោះ។ រថយន្តទាំងពីរគ្រឿងនោះបានរងការខូចខាតខ្ទេចផ្នែកខាងមុខទាំងស្រុងដូចគ្នាហើយក្រោយពេលកើតហេតុ ក្រុមសង្គ្រោះអង្គភាព៧១១ របស់កងពលតូច លេខ៧០ បានដឹកអ្នកបើកបររថយន្តកូរ៉េ ដែលគៀបជាប់នៅក្នុងកាប៊ិនរថយន្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកព្រូត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន។
ប្រភពដដែលបានឲ្យដឹងថា ក្រោយពីកើតហេតុភ្លាមៗ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងក្រុមសង្គ្រោះខាងលើស្ទូចចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកកស្ទះចរាចរនៅលើកំណាត់ផ្លូវនោះ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ រថយន្តទាំងពីរគ្រឿងនោះបានបើកបរបញ្ច្រាស់ទិសគ្នាដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកដែកបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងចំណែកឯរថយន្តម៉ាកកាមរីបាឡែនបានបើកបរធ្វើដំណើរក្នុងទិសដីពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នាលុះពេលទៅដល់ត្រង់ចំណុចកើតហេតុមិនដឹងថាមានបញ្ហាអ្វីទេទើបបុកគ្នាពេញទំហឹងបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះតែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ