ខេត្តតាកែវ៖ ករណីបណ្ដឹងអាជ្ញាកំពុងក្លាយជាមុខរបរដ៏ពេញនិយមរបស់អធិការនគរបាលស្រុកទូទាំងខេត្តតាកែវដើម្បី ទារប្រាក់ពីប្រជាពលរដ្ឋក្នុងករណីបញ្ចប់ សំណុំរឿងផ្សេងៗ ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ឈ្មោះបណ្ដឹងអាជ្ញាត្រូវបានលោកអធិការដ្ឋាននគរបាលគ្រប់ស្រុកយកទៅប្រើ ពេលជនល្មើស និងជនរងគ្រោះព្យាយាមសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅតាម អធិការនគរបាលស្រុកហើយត្រូវបានលោក អធិការទារលុយដើម្បីបញ្ចប់បណ្ដឹងអាជ្ញាពីភាគីទាំងសងខាងចាប់ពី៥០០ដុល្លាររហូត ដល់១.០០០ដុល្លារ បើពុំដូច្នោះទេនឹងបញ្ជូន សំណុំរឿងទៅតុលាការ ។
ប្រភពបានរាយការណ៍បន្ដទៀតថា ទាំងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍, សំណុំ រឿងព្រហ្មទណ្ឌ, សំណុំរឿងផ្សេងៗទៀត នៅពេលភាគីទាំងសងខាងបានចរចាគ្នាសុំបញ្ចប់ត្រូវបានអធិការនគរបាលស្រុក តម្រូវឲ្យបង់លុយដើម្បីពន្លត់បណ្តឹងអាជ្ញា បើមិនមានលុយបង់ពន្លត់បណ្ដឹងអាជ្ញាទេ មិនអាចបញ្ចប់បានឡើយ េហើយសំណុំ រឿងនឹងបញ្ជូនទៅតុលាការ។
តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា រាល់ការយកឈ្មោះពន្លត់បណ្ដឹងអាជ្ញាមកប្រើដើម្បីជំរិតទារប្រាក់ពីពលរដ្ឋនោះគឺមានការបើកភ្លើងខៀវពីអ្នកធំនៅស្នងការដ្ឋាននគរបាលខេត្ត ព្រោះប្រាក់ដែលរកបានពីប្រជាពលរដ្ឋគឺគេយកទៅចែកគ្នានៅស្នងការដ្ឋានខេត្ត ។
ជុំវិញករណីខាងលើលោក ងាន់ សារី អធិការនគរបាលស្រុកបាទីបានឲ្យដឹងថា ការយកឈ្មោះពន្លត់បណ្ដឹងអាជ្ញាទារប្រាក់ពីប្រជាពលរដ្ឋដើម្បីបញ្ចប់រឿងជាទង្វើខុស ច្បាប់ តែលោកទទួលស្គាល់ថា បច្ចុប្បន្នពិត ជាមានការប្រើឈ្មោះបណ្ដឹងអាជ្ញាទារប្រាក់ ពីពលរដ្ឋមែនដែលភាគច្រើនជាក្រុមមន្រ្តីជំនាញដែលមានតួនាទីតាមសំណុំរឿង។
លោកបន្ដទៀតថា ក្រុមមន្រ្តីជំនាញ ដែលមានតួនាទីដោះស្រាយ និងសម្របសម្រួលរឿងគួរតែប្រើពាក្យថាចាំឆ្លងថ្នាក់លើបើថ្នាក់លើឲ្យបញ្ចប់ប្រជាពលរដ្ឋឲ្យ លុយប៉ុន្មានឲ្យទៅកុំប្រើឈ្មោះតុលាការវាខុសច្បាប់ ។
ដោយឡែកលោក ផាន់ សុភ័ក្រ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវបានឲ្យដឹងថា ខាងតុលាការនៅមិនទាន់ដឹងថា លោកអធិការនគរបាលគ្រប់ស្រុកជាមន្រ្តីនគរបាលយុត្តិធម៌យកឈ្មោះស្ថាប័នតុលាការទៅជំរិត ទារប្រាក់ពីពលរដ្ឋនោះទេក្រោយពេលអ្នកសារព័ត៌មានសួរបែបនេះទើបលោកភ្ញាក់ ខ្លួន ។
លោកបានបន្តថា ទង្វើរបស់លោកអធិការនគរបាលគ្រប់ស្រុកធ្វើបែបនេះជាទង្វើខុសច្បាប់ ព្រោះមន្រ្តីនគរបាលយុត្តិធម៌គ្មានសិទ្ធិបញ្ចប់រាល់សំណុំរឿងនោះទេមានតែស្ថាប័នតុលាការមួយគត់ជាអ្នកសម្រេច។
លោកបញ្ជាក់ថា លោកនឹងឆ្លងយោបល់ ប្រធានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ហើយនឹងបើកការស៊ើបអង្កេតដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលពួកគាត់ចាញ់បោកអស់លោកអធិការទាំងអស់ នោះ ៕ ភ្នំដា