ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបញ្ច្រាសទិសគ្នាស្លាប់បុរសម្នាក់ អ្នកបង្ករត់បាត់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកម៉ូតូ ខណៈធ្វើចរាចរណ៍ទិសដៅបញ្ច្រាសគ្នា ។

ហេតុការណ៍បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងចន្លោះគីឡូម៉ែត្រលេខ២៩ និងលេខ៣០ ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់មួយនេះបានបង្កឡើងដោយ រថយន្ត ម៉ាកបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AD-9552 ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល។ រីឯម៉ូតូរងគ្រោះ ម៉ាកហុងដា ឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ គ្មានស្លាកលេខ អ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ ហើយនៅពុំទាន់ស្គាល់អត្តសញ្ញាណទេ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ ។

ចំពោះវត្ថុតាងត្រូវបានបញ្ជូនមករក្សាទុកនៅអធិការដ្ផាននគរបាលជាបណ្តោះអាសន្ន ៕


ចែករំលែក៖