ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍ទំនប់ទឹកឃាត់ជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន២០កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹកបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មក្នុងរាជធានី និងដកហូតថ្នាំញៀនចំនួន២០កញ្ចប់តូច កាលពីវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើផ្លូវបេតុង១៩៩ ខាងក្រោយផ្សារទំនើបសុវណ្ណា ស្ថិតក្នុងភូមិផ្អែ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ រ៉ាណូ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដោយមានស្រុកកំណើតនៅភូមិប៉ោយប៉ែត ឃុំប៉ោយប៉ែត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក ផន អូន នាយប៉ុស្ដិ៍ទំនប់ទឹកបានប្រាប់ឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើគឺ ជនសង្ស័យរូបនោះបានជិះម៉ូតូហង់ដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE.8293 ដោយគ្មានកញ្ចក់ ស្របពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាត និងមានការសង្ស័យ ក៏ឃាត់ខ្លួនសួរនាំ ។ ពេលដែលឃាត់ខ្លួននិងសួរនាំជនសង្ស័យខាងលើ ជនសង្ស័យរូបនោះមានការភ័យស្លន់ស្លោខ្លាំងពេក ទើបធ្វើឲ្យសមត្ថកិច្ចមានការចាប់អារម្មណ៍ និងឆែកឆេរលើខ្លួនប្រាណជនសង្ស័យរួមទាំងម៉ូតូផងដែរ រហូតសមត្ថកិច្ចគាស់ទូកម៉ូតូ ក៏ឃើញថ្នាំញៀនចំនួន២០កញ្ចប់តូចនៅជាប់នឹងទូកម៉ូតូ ។

វត្ថុតាងដែលដកហូតបានរួមមាន ៖ ថ្នាំញៀន២០កញ្ចប់តូច, លុយខ្មែរ70មុឺនរៀល, ទូរស័ព្ឋអាយហ្វូនសុិចចំនួន២គ្រឿង និងម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរី2017ចំនួនមួយគ្រឿងផង។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាបបានបញ្ជូនខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងដែលដកហូតបាន យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីសួរនាំបន្ថែម និងកសាងណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាក់ការបន្តតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖