ភ្នំពេញ៖ បុរសម្នាក់តែងតែបង្កហិង្សាក្នុងគ្រួសារ វាយម្តាយ និងឪពុក បណ្តាលឲ្យរងរបួស ដោយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនចាត់ការតាមនីតិវិធី។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនសង្ស័យឈ្មោះ នួន ភារុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រីឯជនរងគ្រោះជាឪពុកឈ្មោះ នួន សុីណា អាយុ៤៨ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី ស្នាក់នៅភូមិកើតហេតុខាងលើ ។
ប្រភពត៌មានពីបុរសជាឪពុកបានឱ្យដឹថា នៅមុនពេលកើតហេតុ គាត់នៅក្នុងផ្ទះបានឃើញទូរស័ព្ទម៉ាកហូវ៉េមួយគ្រឿង បែកអេក្រង់នៅលើតុ ហើយក៏បានសួរទៅកូនឈ្មោះនួន ភារុន ថា ហេតុអីបានទូរស័ព្ទបែក? ពេលនោះកូនគាត់ ក៏បានឆ្លើយថា ឪឯងចង់ឈ្លោះជាមួយអញ់ប៉ុន្មានដងទៀត ភ្លាមនោះ កូនប្រុសក៏ស្ទុះទៅយកដុំថ្មបំរុងគប់គាត់ជាឪពុក ប៉ុន្តែប្រពន្ធរបស់គាត់ត្រូវជាម្តាយស្ទុះទៅចាប់ទាន់ ហើយជនបង្កបានដាល់ម្តាយចំថ្គាមខាងឆ្វេងមួយដៃ និងដាល់ចំកញ្ចឹងក និងក្បាលជាច្រើនដៃ ចំណែកគាត់ ក៏ត្រូវកូនដាល់ចំកញ្ចឹងកដែរ ពេលនោះមានកូនផ្សេងទៀតបានស្ទុះទៅជួយចាប់ជនបង្ក។
ដោយទ្រាំនិងទង្វើរបស់កូនម្នាក់នេះលែងបាន ក៏រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឱ្យឃាត់ខ្លួនតែម្តង ។ គួររំលឹកថា ជនសង្ស័យជាកូនខាងលើនេះ ធ្លាប់បានវាយម្តាយឲ្យសន្លប់ម្តងដែរ តែពួកគាត់មិនចាំថ្ងៃនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលចោមចៅ និងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាក់ការតាមនីតិវិធី ៕ សុខាសែនជ័យ