ភ្នំពេញ: នារីវ័ក្មេងម្នាក់ត្រូវបុរសជនជាតិជប៉ុនវាយរបួសស្លឹកត្រចៀកខាងស្ដាំបន្ទាប់ពីខឹងនារីវ័យក្មេងរូបនេះ ពេលស្រវឹងមកដេកនៅខុនដូហើយ នារីនោះធ្វើឲ្យបែកគម្របចានបង្គន់ កាលវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៧ នៅចំណុចបរិវេណមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងដោយនាងមិនសុខចិត្តត្រូវយាយនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកនៅហាងបារាំង នៅម្ដុំផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សី មានស្រុកកំណើត នៅស្រុកកោះធំ ខេត្តកណ្ដាល បានមកដាក់ពាក្យបណ្ដឹង ជាមួយលោកយាយឈ្មោះ រ៉េម សុខា ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរបុគ្គលិកបោសសំរាមនៅក្រុមហ៊ុន ស៊ីនទ្រី។
នារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ គឺអំឡុងម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០១៧ នៅចំណុចហាងបារាំង បន្ទាប់ពីនាងបានស្គាល់ជាមួយ បុរសជនជាតិជប៉ុនអាយុជាង៣០ឆ្នាំម្នាក់បានជាង៣សបា្ដហ៍មកហើយ ហើយបុរសជនជាតិជប៉ុន បានសុំស្រលាញ់នាងធ្វើជាសង្សារដោយសន្យាផ្ដល់ថវិកា ជារៀងរាល់ខែ ក្នុង១ខែ ២០០ដុល្លារដល់នាងឲ្យតែព្រមរស់នៅជាមួយគាត់ទៀតផង ។
នារីរងគ្រោះបន្តថា នៅយប់ថ្ងៃកើតហតុបុរសជនជាតិជប៉ុន បានមកផឹក នៅហាងដែលគាត់ធ្វើការ ហើយលុះដល់យប់ ម៉ោង២រំលងអធ្រាត្រ ក៏បានហៅនាងទៅលេងនៅខុនដូរបស់គាត់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយអាះអាងធានាថា មិនធ្វើអ្វីឬប៉ះពាល់ លើរូបរាងកាយទេព្រមទាំង សុំឲ្យនាងស្នាក់នៅជាមួយគាត់មួយយប់ ចាំស្អែកព្រឹកឡើង និងឲ្យលុយថ្លៃជួលផ្ទះដល់នាង។ គ្រាដែលលោកយាយបង្កើតរបស់នាងកំពុងខ្វះខាតលុយកាក់ផងនោះនាងក៏យល់ព្រមទៅ គឺទៅជិះឡានតាក់ស៊ី ទៅជាមួយបុរសជនជាតិជប៉ុន ពេលដែលនាងកំពុងស្រវឹងគួរសមដែរ ។
ស្រ្តីរងគ្រោះ បានបន្តទៀតថា ក្រោយពីទៅដល់ខុនដូស្នាក់នៅរបស់បុរសជនជាតិជប៉ុននោះ នាងចង់ទៅបត់ជើងតូចក៏បានចូលទៅបន្ទប់ទឹកហើយដោយសារស្រវឹងជ្រុលនាងធ្វើឲ្យគម្របចានបង្គន់បែក ហើយបុរសជនជាតិជប៉ុន ខឹង ក៏ស្ទុះមកទះកំភ្លៀងជាច្រើនដៃ និងយកដៃច្របាច់កថែមទៀត។មិនតែប៉ុណ្ណោះបុរសជនជាតិជប៉ុនបានយកកម្ទេចថ្ម ចានបង្គាន់ មកគូសនិងត្រចៀកខាងស្ដាំ បណ្ដាលឲ្យដាច់ហូរឈាមទើបនាងទ្រាំលែងបានក៏រត់ចេញពីខុនដូ ទាំងភ័យខ្លាច។
នាងសុខ ស្រីមុំ បានបន្តទៀតថា ក្រោយពីរត់ចេញពីខុនដូភ្លាមក៏រត់ទៅរកយាយឲ្យជួយ។ លុះដល់ព្រឹកឡើង ទើបនាងនិងលោកយាយនាំគ្នា មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីហៅបរទេសនោះ មកជួយចេញថ្លៃព្យាបាល។ ប៉ុន្តែករណីនេះត្រូវបាន សមត្ថកិច្ចជូនគាត់ឲ្យទៅដាក់ពាក្យបណ្ដឹង នៅនាយកដ្ឋានអន្តោប្រវេសន៍វិញ៕