ខេត្តព្រៃវែង៖ កម្មការិនីរោងចក្រកាត់ដេរវ័យក្មេងម្នាក់ បានសម្រេចចិត្តគិតខ្លីផឹកថ្នាំកណ្តុរសម្លាប់ខ្លួន តែមិនបានសម្រេច ខណៈដែលក្រុមគ្រួសារដឹងទាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅក្នុង ភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុក ពាមរក៍ ខេត្តព្រៃវែង ។
ក្រុមគ្រួសារនារីរងគ្រោះបានឲ្យដឹងថា នារីផឹកថ្នាំពុលប៉ងសម្លាប់ខ្លួនឈ្មោះ សាធ ដា អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិកើត ហេតុ បច្ចុប្បន្នជាកម្មការិនីកាត់ដេរ ។
ម្ដាយរបស់នារីរងគ្រោះឈ្មោះ ហ៊ូ ពៅ អាយុ៥៣ឆ្នាំ បានឲ្យដឹងថា កូនស្រីរបស់ គាត់ជាជាកូនស្រីដ៏ល្អម្នាក់ចេះស្តាប់បង្គាប់ឪពុកម្តាយមិនធ្លាប់ដើរលេងផ្តេសផ្តាសឡើយ។ ប៉ុន្តែថ្មីៗនេះកូនស្រីរបស់គាត់បាន ទាក់ទងស្គាល់បុរសម្នាក់តាមទូរស័ព្ទនៅ ឯខេត្តកំពង់ចាម និងតែងតែឃើញនាង និយាយទូរស័ព្ទជាមួយគ្នារាល់ថ្ងៃ។ រហូត មកដល់យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅមុនពេលកើតហេតុស្រាប់តែកូនស្រី គាត់មានអាការប្លែកទឹកមុខក្រៀមក្រំលែងនិយាយស្តី។ លុះព្រឹកឡើងថ្ងៃទី២ ខែ ឧសភាមិនឃើញកូនស្រីទៅធ្វើការដោយសំងំនៅលើផ្ទះតែម្នាក់ឯងហើយសុខៗស្រាប់តែឮនាងស្រែកយំ ពេលគាត់ឡើងទៅមើលឃើញកូនស្រីប្រកាច់បែកពពុះ មាត់តែម្តង ។
ម្តាយនារីរងគ្រោះបានបន្តថា នៅជិត កូនស្រីគាត់មានកំប៉ុងថ្នាំបំពុលកណ្តុរនៅក្បែរខ្លួន ទើបដឹងថាកូនស្រីរបស់គាត់ផឹកថ្នាំកណ្តុរទើបឆោឡោឡើងនាំគ្នាដឹកនាង យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអ្នកលឿងទាន់ពេលវេលា ។
ម្តាយនារីរងគ្រោះបានបន្ថែមថា ក្នុង ពេលគាត់ដឹកកូនស្រីទៅសង្គ្រោះនោះគាត់បានព្យាយាមសួរកូនពីមូលហេតុដែលនាំឲ្យនាងផឹកថ្នាំពុលហើយកូនស្រីបានប្រាប់គាត់ថា បុរសដែលនាងស្រឡាញ់ស្គាល់គ្នាតាមទូរស័ព្ទនិងមិនដែលស្គាល់មុខគ្នាសោះ នោះគេប្រាប់ថាសុំបែកទៅមានអ្នកថ្មីហើយ ទើបធ្វើឲ្យនាងឈឺចិត្តលែងចង់រស់ក៏ផឹកថ្នាំពុលបែបនេះទៅ។
សាច់ញាតិនារីរងគ្រោះបានឲ្យដឹងថា នាង សាធ ដា ដែលផឹកថ្នាំពុលត្រូវបានគ្រូពេទ្យជួយសង្គ្រោះឲ្យរួចផុតពីសេចក្ដីស្លាប់ ហើយដោយក្រុមគ្រូពេទ្យបានប្រើទឹកលាងសម្អាតក្រពះ។
អ្នកភូមិបាននិយាយថា នារីរងគ្រោះមិន គួរគិតខ្លីសោះ ព្រោះបុរសដែលនាងលួច ស្រឡាញ់មិនដែលឃើញមុខគេផង ដោយ គ្រាន់តែឮសំឡេងគេតាមទូរស័ព្ទក៏លង់ ស្នេហ៍ដល់ម្លឹង។ នាងគួរតែគិតគូឲ្យបាន វែងឆ្ងាយ ព្រោះឪពុកម្តាយខំចិញ្ចឹមរហូត ដឹងក្តីបើមិនបានសងគុណគាត់ទេ គួរតែ ផ្តល់ឬទុកកិត្តិយសឲ្យគាត់ផង ៕ សហការី