ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់បន្ទាប់ពីជិះម៉ូតូរអិលដួលនៅលើផ្លូវជាតិលេខ១ជ្រុលទៅបុកជាមួយរថយន្តស្ទូច

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអណោចអធ័ម បន្ទាប់ពីបុរសរូបនេះជិះម៉ូតូ​នៅលើផ្លូវជាតិលេខ១ពេលមេឃកំពុងធ្លាក់ភ្លៀង បណ្តាលឲ្យរអីលដួលទៅបុកជាមួយរថយន្ត​ស្ទូចបើកបរច្រាស់ទិសគ្នា កាលពីវេលា​ម៉ោង១៦ និង៤៥នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅ​លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុច​ចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ ស្ថិតក្នុងភូមិព្រែក​ត្រែង​២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត​នោះឈ្មោះ យឿន ចាន់ថា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំទឹកថ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FK-5412 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-0354 បើក​បរ​ដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះខាង​លើ​នេះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីអ្នកលឿងឆ្ពោះទៅរាជធានីភ្នំ​ពេញដោយល្បឿនលឿនទាំងមេឃកំពុងធ្លាក់ភ្លៀង ខណៈបើកដល់ចំណុចកើតហេតុម៉ូតូជន​រងគ្រោះបានរអិលដួលរេទៅបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលកំពុងបើកបរច្រាស់​ទិសគ្នា បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោច​អធ័មនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន​នគរ​បាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរង​គ្រោះត្រូវបាននគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕​ ស្អាងជ័យ


ចែករំលែក៖