ភ្នំពេញ៖ អគ្គីភ័យបានឆាបឆះលំនៅឋានមួយកន្លែង ខណៈពេលដែលម្ចាស់ចេញទៅធ្វើការបាត់ បង្កឲ្យមានកសរភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ដែលផ្ទះមួយនោះមានទីតាំងដ្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះខាងលើនោះឈ្មោះ រ៉យ ធឿន ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្រ្តីនគរបាលនាយកដ្ឋានបេតិកភ័ណ្ឌក្រសួងមហាផ្ទៃ ។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមានការខូចខាត សាឡុង១ឈុត, ធុងបាស់, ក្បាលវីស៊ីឌី, ជំនាងផ្ទះ១, ទូកញ្ចក់៣ រួមនិងសម្ភារមួយចំនួនទៀត ចំណែកផ្ទះក៏បានរងការខូខខាតយ៉ាងដំណំផងដែរ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសម្ចាស់ផ្ទះបានចាកចេញទៅធ្វើការបាត់ នៅសល់តែកូនប្រុសម្នាក់នៅក្នុងផ្ទះនោះ លុះដល់ពេលកើតហេតុ ស្រាប់តែមានអគ្គីភ័យឆាបឆេះឡើង បង្កឲ្យមានផ្សែងហុយយ៉ាងខ្លាំង ដែលគេសង្ស័យថា បណ្ដាលមកពីទុស្សេខ្សែភ្លើង ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយគេបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពតម្រួតបទបញ្ជាដែលស្ថិតនៅជិតនោះចេញអន្តរាគមន៍។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះនគរបាលតម្រួតបទបញ្ជាបានចេញអន្តរាគមន៍ដោយបាននាំយករថយន្យពន្លត់អគ្គីភ័យ១គ្រឿងទៅជាមួយបាញ់ពន្លត់រហូតរលត់ទៅវិញ។ ខណៈនោះមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍ខាងលើនោះឡើយគ្រាន់តែរងការខូចខាតសម្ភារមួយចំនួនតែប៉ុណ្ណោះ ៕ សុខាសែនជ័យ