ភ្នំពេញ៖ អតីតសមាជិកក្រុមចម្រៀង Boy Band លោក ប៉ែនសារ៉ាវ បានបង្ហាញវត្តមាន ជាមួយនឹងស្នាដៃសម្តែងខ្សែភាពយន្តជាច្រើនរឿងបន្តបន្ទាប់គ្នា ។ ក្រោយលេចធ្លោជាមួយស្នាដៃសម្តែង តារារូបនេះ កំពុងប្រឹងប្រែងខ្លាំងជាមួយនឹងស្នាដៃសិល្បៈចម្រៀងផ្ទាល់ខ្លួនផងដែរ ។
យ៉ាងហោចណាស់មានភាពយន្ត៤រឿង ដែលតារាប្រុសរូបនេះទទួលថតសម្រាប់ឆ្នាំនេះ ដែលសុទ្ធសឹងតែជាតួអង្គសំខាន់ហើយលោករំពឹងថា ស្នាដៃទាំងនេះ នឹងជួយឲ្យលេចចេញការគាំទ្រច្រើននៅពេលចាក់បញ្ចាំងក្នុងនោះខ្សែភាពយន្តភាគរឿង អ្នកប្រដាល់ឡឺកឺ គឺជាខ្សែភាពយន្តបើកឆាកការសម្តែងក្នុងតំណែងតួឯកផងដែរ ។ ក្រៅពីការសម្តែង តារារូបនេះបានបង្ហើរសំនៀងជាមួយនឹងស្នាដៃបទចម្រៀងថ្មី ដែលលោកបានច្រៀង និងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងគឺបទ រៀបការទៅអូន ។
តារាសម្តែងវ័យ២៩ឆ្នាំរូបនេះលើកឡើងដែរថា ដោយសារតែអាជីពចម្រៀង គឺជាអាជីពដែលលោកចូលចិត្តខ្លាំងតាំងពីចូលសិល្បៈដំបូង ទើបលោកព្យាយាមបញ្ចេញស្នាដៃបទចម្រៀងថ្មីសម្រាប់បម្រើអារម្មណ៍ទស្សនិកជន និងអ្នកគាំទ្រមួយចំនួនដែលទទូចចង់ឲ្យលោកមានបទចម្រៀងផ្ទាល់ខ្លួន ។
លោកប៉ែន សារ៉ាវ បានបញ្ជាក់ថា លោកអាជីពដំបូងជាអ្នកចម្រៀងមុនគេ ព្រោះធ្លាប់ប្រឡងចម្រៀងដោយកាលនោះលោកខេម ក៏ជាសមាជិកក្រុម Boy Band ផងដែរ។ លុះការសម្តែងរបស់លោកចេះតែស្ទុះទៅមុខ ក៏មានការថតរឿងជាច្រើននៃខ្សែភាពយន្តខ្មែរបន្តពីមួយទៅមួយរហូត ស្ទើរតែគេយល់ថា លោកជាតារាសម្តែងជាជាងគិតថា លោកជាអ្នកចម្រៀង ។
លោកថា អាជីពទាំងពីរគឺលោកពេញចិត្ត ប៉ុន្តែលោកក៏ចង់បំពេញក្តីសុបិន្តរបស់ខ្លួន និងស្របតាមការគាំទ្ររបស់ទស្សនិកជនផងដែរ ហើយបើទោះបីជាការចំណាយនៃការផលិតគឺទឹកប្រាក់របស់លោកផ្ទាល់ក៏ដោយ ។ ក្រោយពីបញ្ចប់ការចេញបទចម្រៀងថ្មីនេះ លោកក៏មានគម្រោងស្នើឲ្យមានបទចម្រៀងថ្មីផ្ទាល់ខ្លួនបន្ថែមទៀតផងដែរក្នុងពេលដ៏ខ្លីខាងមុខ ហើយលោករំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ៕ វឌ្ឍនា