ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឆក់កាប់ប្លន់យ៉ាងសកម្មក្នុងរាជធានីត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានី សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន៧នាក់រកឃើញថ្នាំញៀន៣កញ្ចប់ដាវ១ដើម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានី បានសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើបើកប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានមេក្លោងម្នាក់ ជាអ្នកកាន់ដាវសម្រាប់ធ្វើសកម្មភាព និងបក្ខពួក៦នាក់ទៀតជាអ្នកចូលរួមធ្វើសកម្មភាព ដកហូតបានដាវ១ដើម ម៉ូតូ៥គ្រឿង រួមនឹងថ្នាំញៀន៣កញ្ចប់ដែលក្រុមជនសង្ស័យទាំងនោះប្រើប្រាស់មុននឹងធ្វើសកម្មភាព ។

ប្រត្តិបត្តិការណ៍បង្ក្រាបនេះ ធ្វើឡើងចំនួន២លើក ទី១នៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់៦៦៦ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ លើកទី២នៅវេលាម៉ោង២២និង១០នាទី ថ្ងៃទី៣ ខែឧសភា នៅចំណុចផ្ទះសំណាក់ យីហោ សំបូរ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័ទាំង៧នាក់មានឈ្មោះ៖ ទី១ ជាល់ វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ទី២ ដុស ពិសិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ទី៣ វុន កែវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ធ្វើការនៅការ៉ាស់សាំង ។

ទី៤ សុខ លាភ ភេទប្រុស អាយុ២៣ឆ្នាំ ជាងជួសជុលកុងទ័រ ការ៉ាសសាំង ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ។

ទី៥ សុខ ឈៀន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ទី៦ វ៉ាន់ វើយ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប និង

ទី៧ឈ្មោះ រឿន សត្យា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកត់ឆ្នោតអោយគេ ស្នាក់នៅផ្ទះសំណាក់យីហោសំបូរ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ។

សមត្ថកិច្ចបានឲ្យដឹងថា មុននិងឈានដល់ការបង្ក្រាបបានទាំងសំបុកដូចនេះ គឺក្រុមជនសង្ស័យទាំងនេះគឺជាមុខសញ្ញាឆក់ និងកាប់ប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចយើងបានដាក់ការស្រាវជ្រាវ និងស៊ើបអង្កេតរហូតដល់យប់កើតហេតុ ទើបកំណត់បានថា ជនសង្ស័យទាំងនោះកំពុងសម្ងំលាក់ខ្លួននៅផ្ទះសំណាក់យីហោ៦៦៦ ក៏ឆ្មក់ចូលបង្ក្រាបជាក់ស្តែងឃាត់បានជនសង្ស័យ៦នាក់ ដកហូតថ្នាំ៣កញ្ចប់ និងម៉ូតូ៤គ្រឿង ។

បន្ទាប់មក សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យ១ម្នាក់ដែលជាមេខ្លោង នៅក្នុងផ្ទះណាក់យីហោសំបូរ ដកហូតបានដាវ១ដើម និងម៉ូតូ១គ្រឿង ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ សមត្ថកិច្ចបាននាំខ្លួនជនទាំងនោះរួមជាមួយវត្ថុតាងនៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ និងកសាងសំណុំរឿង អនុវត្តបន្តតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖