ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានអញ្ជើញជាអធិបតីពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។
ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ មានការចូលរួមពីលោកស្នងការ ស្នងការរង បច្ចេកទេស សន្តិសុខ មេបញ្ជការ-មេបញ្ជាការរង ប្រធានមន្ទីរយុត្តិធម៍ ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក នៃកងរាជអាវុធហត្ថខេត្តរតនគិរី និងនាយអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោកឧត្តមសេនីយ៍ឯក ហុង វិណុល និងប្រតិភូអមដំណើរ និងបានបញ្ជាក់អំពីសភាពការណ៍សន្តិសុខ អំពីបទល្មើសធនធានធម្មជាតិ យន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ។
ចំពោះបទល្មើសព្រៃឈើ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានលើកឡើងថា៖ ប្រភពបទល្មើសព្រៃឈើមានចេញពីស្រុកវើនសៃ ស្រុកតាវែង ស្រុកអូរយ៉ាដាវ ស្រុកលំផាត់ និងស្រុកអណ្តូងមាស។ ដោយឡែកទីតាំងស្តុបឈើ សន្និ សិប្បកម្ម មានចំនួន៤៦កន្លែង តែមានច្បាប់៣កន្លែងប៉ុណ្ណោះ តែជាលក្ខណះគ្រួសារ ។បទល្មើសក្នុងការនាំចេញមាន១០ច្រក ក្នុងនោះតាមច្រកអន្តរជាតិ១ ជាមួយនិងច្រករបៀងចំនួន៩ទៀតដែលមានព្រំទល់ជាប់ប្រទេសវៀតណាមគឺខេត្តយ៉ាឡាយ ខេត្តកន្ទូម និងជាប់ខេត្តអត្តពី ជាប់ប្រទេសឡាវ ។
លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្នាន បច្ចេកទេស សន្តិសុខ បានលើកឡើងពីលទ្ធផលការងារក្រោមការដឹកនាំដោយលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលទទួលបានលទ្ធផលការងារវិជ្ជមានប្រកបដោយស្មារតីទទួលខុសត្រូវលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម បង្ការបង្ក្រាបបទល្មើស ដ៏ដូចជាការបង្ក្រាបបទល្មើសធនធានធម្មជាតិជាដើម។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានមានប្រសាសន៍ថា៖ កត្តាសំខាន់អ្វីដែលអង្គភាពកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំមានការទទួលខុសត្រូវ តាមភារកិច្ចតួនាទី ចេះសហការសាមគ្គីផ្ទៃក្នុង រាល់យន្តការការងារគ្រប់គ្រងបញ្ជា និងបញ្ជាការពារសន្តិសុខ ពិតណាស់គឺទទួលបានលទ្ធផលជោគជ័យសម្រាប់អង្គភាពក៏ដូចជាការណែនាំពីថ្នាក់ដឹកនាំខាងលើ។ លោកឧត្តមសេនីយ៍បានបន្តថា៖ នៅខេត្តរតនគិរី កងកម្លាំងរបស់យើងបង្ក្រាបបាននូវបទល្មើសធនធានធម្មជាតិជាទីមោទន និងមានទំនាក់ទំនងល្អជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធនិងចូលរួមយ៉ាងខ្លាំងជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសលើបញ្ហាស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិកន្លងមកក៏ដូចជាបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានជម្រុញផងដែរពីការងារបន្តយកចិត្តទុកដាក់តាមដានស្រាជ្រាវគ្រប់មធ្យោបាយរកអោយឃើញពីប្រភពនៃបទល្មើសព្រៃឈើ ទីតាំង មុខសញ្ញាឈ្មួញ ច្រកចេញ បន្ទាប់ពីការងារសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម៕ សុខ ខេមរា