ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីខ្ចីម៉ូតូអ្នកដែលធ្វើការជាមួយថា ទៅបើកលុយ តែបែរជាយកទៅបញ្ចាំរួចគេចខ្លួនកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ លុះមកដល់រសៀលថ្ងៃទី៣ ខែឧសភា ជនសង្ស័យបានមករោងចក្រវិញ ក៏ត្រួវជនរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជី ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ មាស សុផល ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំនោះម៉ាក ហុងដា C125 ពណ៌ខ្មៅស្លាកលេខ ព្រៃវែង 1F-7912 ។
ជនរងគ្រោះបានឲ្យដឹងថា រួបគាត់ និងជនសង្ស័យជាកម្មកររោងចក្រធ្វើការជាមួយគ្នា ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១១និង១៥ នាទីព្រឹក ជនសង្ស័យបានទៅខ្ចីម៉ូតូពីគាត់ដល់ផ្ទះជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រាប់ថា ខ្ចីម៉ូតូយកទៅបើកលុយ តែបែរជាយកទៅបញ្ចាំនៅឃ្លាំងរំសែវបានលុយចំនួន៦០០$ រួចគេចខ្លួនបាត់។ រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ម៉ោងប្រហែល១៥និង១០នាទី ជននេះបានចូលរោងចក្រដើម្បីសុំឈប់ពីការងារភ្លាមនោះ ក៏ត្រូវគាត់(ម្ចាស់ម៉ូតូ)នាំមិត្តភក្តិឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញ អធិការដ្ធាននគរបាលខណ្ឌពោធិ៍សែន ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ