ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធុតមួយ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចមូលដ្ឋានយ៉ាងច្រើន ខណៈដែលមានបុរសម្នាក់បានបាត់បងជីវិតយ៉ាងអាណោចអាធ័ម ហើយស្ត្រីម្នាក់ជាប្រពន្ធបានរងរបួសធ្ងន់ បន្ទាប់ពីពួកគាត់បានយកម៉ូតូទៅប៉ះហើយដើរមកឈរនៅចញ្ចើមផ្លូវ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកបុកចំពេញទំហឹង ហើយភ្លាមៗរថយន្តបង្កបានបើករត់គេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះដែរ គឺបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិខ្វាលិច សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសរងគ្រោះដែលស្លាប់មានឈ្មោះ រឿនបូរិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ។
ចំណែប្រពន្ធរងរបួសធ្ងន់មានឈ្មោះ ភឿន រីដា អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អ្នកទាំង២ស្នាក់នៅជាមួយគ្នា ក្នុងភូមិព្រែកថ្លឹងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះដែលជាប្ដីបានមកទទួលប្រពន្ធចេញពីធ្វើការនៅរោងចក្រដែលនៅក្បែរកន្លែងកើតហេតុ ខណៈនោះម៉ូតូជនរងគ្រោះធ្លាយ ហើយបានយកមកប៉ះនៅចំណុចកើតហេតុរួចនាំគ្នាដើរមកឈរនៅចញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរក្នុងល្បឿនយ៉ាងលឿនមកបុកពេញទំហឹងបណ្ដាលឲ្យបុរសជាប្ដីខ្ទាតដួលបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកប្រពន្ធរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ។ រីឯម៉ូតូរបស់ជនរងគ្រោះម៉ាកស្គុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DW.3551 ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយអន្តរាគមន៍ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រូសារយកធ្វើបុណ្យតាមប្រពៃណី ។
ចំណែកម៉ូតូសមត្ថកិច្ចចរាចរណ៍មូលដ្ឋានបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិកាដ្ឋានខណ្ឌដង្កោរង់ចាំក្រុមគ្រួសារយកឯកសារមកប្រគល់ឲ្យវិញ ៕ ភារ៉ា ដង្កោ