ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែនសំអន៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យដើរផ្លូវល្អ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖​ លោកស្រី ម៉ែន សំអន. ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច តំណាង សម្ដេច កិតិ្ដព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ មិនតែប៉ុណ្ណោះ ព្រះពុទ្ធ សាសនា ក៍ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។ លោកស្រីម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកស្រី ចូលរួម បញ្ចុះបឋមសិលាកសាងចូឡាមណីចេតិយ៏ សម្រាប់តំកម្កល់ព្រះបរមសារីរិកធាតុ ឧទ្យានជាតិគិរីរម្យ កាលពីថ្ងៃទី ០៥ ឧសភា ឆ្នាំ២០១៧។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ យើងរៀបចំ បញ្ចុះបឋមសិលាកសាងចូឡាមណីចេតិយ៏ សម្រាប់តំកម្កល់ព្រះបរមសារីរិកធាតុ ឧទ្យានជាតិគិរីរម្យ នៅលើភ្នំគិរីរម្យ ខេត្ដកំពង់ស្ពឺ នាពេលនេះ គឺស្របទៅនឹងការរីកចម្រើនរបស់ ប្រទេសជាតិ តែនៅមានបញ្ហាជាច្រើនដែលត្រូវ ដោះស្រាយ ដោយឈរលើទស្សនៈព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។

លោកស្រីបាន ធ្វើការអំពាវនាវ ដល់ពុទ្ធបរិស័ទ ទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយ។

លោកស្រីបានបញ្ជាក់ថា ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ត្រូវផ្សាភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីកិច្ចការសាសនា សណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនា ជាប្រការសំខាន់បំផុត។ តាមរយៈព្រះពុទ្ធិកសិក្សា ប្រទេសជាតិយើងទទួល បាន នូវអ្នកមានចំណេះដឹងជាច្រើន ជាពហុស្សូត ដែលជាសសរទ្រូងដ៏រឹងមាំរួមចំណែកថែរក្សា ការពារវប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាមគន្លងព្រះធម៌ ដែលជាអត្តសញ្ញាណជាតិកម្ពុជាយើង ហើយការយកចិត្តទុកដាក់ចំពោះពុទ្ធិកសិក្សាជាការចាំបាច់ដែលត្រូវពង្រឹកពង្រឹងពីទីក្រុង រហូតដល់ជនបទ។

ធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឍមណ្ឌល វប្បធម៏ព្រះ ពុទ្ធសាសនា កម្ពុជា បានបញ្ជាក់ថា ៖ ចាប់ពីពេលនេះទៅ ជាឱកាសដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជាយើងរួមគ្នាយ៉ាងជិតស្និទ្ធ រក្សាការពារ ដើម្បីសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើរហិង្សាជាដើម។

លោកស្រីក៏បានថ្លែងនូវការសរសើរចំពោះពុទ្ធសាស នា ទាំងបុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រណិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទ សមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាស ម្ពុទ្ធ។ ទន្ទឹមនេះជនរួមជាតិខិតខំសំអាតកាយវាចាជម្រះនូវសេចក្តីសៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ។

លោកស្រីបានបញ្ជាក់ថា ៖តាមរយៈការរីកចំរើនលើវិស័យសាសនារហូត មកដល់បច្ចុប្បន្ន នៅទូទាំង ប្រទេសមានវត្តចំនួន​ ៤៧៥៥វត្ត​​ និ​ងមា​ន​​ព្រះសង្ឃចំនួន ៥៩៥១៦អង្គ ក្នុងនោះមានគណៈមហានិកាយមាន៤៥៥១វត្ត ព្រះ​ស​ង្ឃ​មា​នចំនួន ៥៤៧៦២ អង្គ និងគណៈធម្មយុត្តិកនិកាយ​មាន ២០៤វត្ត ​​​ព្រះ​ស​ង្ឃ​មា​ន​ចំ​នួន​៤​៧៥៤អង្គ។ ចំពោះវិស័យពុទ្ធិកសិក្សាវិញបានបណ្តុះបណ្តាលព្រះសង្ឃតាំងពី​ថ្នា​ក់​ធ​ម្ម​វិ​ន័យ ​ថ្នាក់ពុទ្ធិកបឋមសិក្សា​ រហូតដល់ថ្នាក់ឧត្តមសិក្សា ​។ មកទល់ពេល​នេះមា​ន​ពុ​​ទ្ធិ​កសា​ក​ល​​វិទ្យាល័យ​ចំនួន៣​ គឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យព្រះសី​ហ​នុ​រា​ជា​ និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហា សេនាបតីតេជោ​ ហ៊ុន សែន​​ កំពង់ចាម ។​ ក្រៅពី ​នេះក្រសួង ធម្មការ ក៏នៅមាន សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​មួយ ចំនួនទៀត ​គឺ​ពុទ្ធិកមហាវិទ្យាល័យខេត្តកំពង់ឆ្នាំង ,កំពង់ស្ពឺ និងពុទ្ធិកមហាវិទ្យាល័យខេត្តបាត់ដំបង់។ ក្រៅពីការយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ វិស័យពាហិរសាសនា ក៏ត្រូវបានយកចិត្តទុកដាក់ធ្វើឱ្យមានសុខដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនា ៕ សំរិត


ចែករំលែក៖