ខេត្តកណ្តាលៈ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ១០គ្រួសាររស់នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ប្តឹងជំទាស់មិនឲ្យម្ចាស់ដេប៉ូប្រេងឈ្មោះ អ៊ីឡៃផេង កប់ស៊ីទែនប្រេងរួចមក នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ អភិបាលរងស្រុកស្អាងគឺ លោក ជឺ គឹមហៃ បានដឹកនាំកម្លាំងជំនាញចុះទៅពិនិត្យទីតាំងដេប៉ូសាំងខាងលើនេះ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថា ដេប៉ូសាំងអ៊ីឡៃផេងបានសាងសង់ឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទើបតែមកដល់ពេលថ្មីៗនេះផ្លូវជាតិលេខ២១បេចាប់ផ្តើមសាងសង់ពង្រីកបន្ថែមទៀត បណ្តាលឲ្យប៉ះពាល់ដល់ដេប៉ូសាំងមួយនេះ ជាហេតុធ្វើឲ្យម្ចាស់ដេប៉ូឈ្មោះ ហ៊ ឡៃផេង ភេទស្រី អាយុ៥៥ឆ្នាំ សម្រេចចិត្តរុះរើជីកកកាយយកស៊ីទែនប្រេងចាស់ចេញពីក្នុងដី ដើម្បីដាក់កប់នៅក្បែរចំហៀងផ្ទះខាងជើង នៅជាប់ព្រំដីជាមួយឈ្មោះ ហេង ត្រាយ ។
ក្រោយពីឃើញសកម្មភាពកប់ស៊ីទែនប្រេងនៅក្បែរព្រំដីលំនៅឋាន ដែលខ្លួនទើប នឹងទិញនោះ ឈ្មោះហេង ត្រាយ និងប្រជាពលរដ្ឋ៩គ្រួសារទៀត បានសម្រេចចិត្តនាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងចូលសាលាស្រុកស្អាង ដើម្បីជំទាស់មិនឲ្យម្ចាស់ដេប៉ូសាំងមួយនេះកប់ស៊ីទែនសាំង ព្រោះភ័យខ្លាចផ្ទុះឆេះនៅថ្ងៃណាមួយ ។
លោក ជឺ គឹមហៃ អភិបាលរងស្រុកស្អាងបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ហេង ត្រាយ និងប្រជាបលរដ្ឋ០៩គ្រួសារទៀត លោកអភិបាលស្រុកបានចាត់តាំងឲ្យរួបលោកដឹកនាំកម្លាំងជំនាញសុរិយោដីស្រុក និងជំនាញមន្ទីរសាធារណៈការចុះទៅធ្វើការត្រួតពិនិត្យទីតាំងដេប៉ូសាំងខាងលើនេះ ។ លោកអភិបាលរងស្រុកស្អាងបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ លោកបានហៅម្ចាស់ដេប៉ូ និងប្រជាពលរដ្ឋដែលជាដើមបណ្តឹងជួបគ្នារកដំណោះស្រាយមួយជំហ៊ានសិន នៅត្រង់ចំណុចទីតាំងដេប៉ូសាំងខាងលើនេះ បើមិនបានលទ្ធផលនឹងបន្តធ្វើការកោះហៅទៅដោះស្រាយនៅសាលាស្រុកបន្ថែមទៀត ។
ពាក់ព័ន្ធករណីប្តឹងជំទាស់នេះភាគីលោក ហេង ត្រាយ និងប្រជាពលរដ្ឋចំនួន០៩គ្រួសារទៀតបានអះអាងថា ដាច់ខាតមិនព្រមឲ្យភាគីម្ចាស់ដេប៉ូធ្វើការកប់ស៊ីទែនប្រេងនៅក្បែរព្រំដីលំនៅឋានរបស់លោករស់នៅនោះទេ ព្រោះស៊ីទែនប្រេងនេះវាគ្រោះថ្នាក់ណាស់ បើធ្វើការប្រៀបធៀបទៅដូចជាដេកនៅក្បែរគ្រាប់បែកអញ្ចឹង ៕ ស្អាងជ័យ