ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីរៃអង្គាសថវិកាដើម្បីទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ម្ចាស់ក្រុមហ៊ុន សប្បុរសជននានា ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ សាខាកាកបាទ ក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ អ្នកស្ម័គ្រចិច្ត និងយុវជនកាកបាទក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកធ្វើយ៉ាងណាជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានឧបទ្ទវហេតុ ឬគ្រោះមហន្តរាយផ្សេងៗ និងជួយកាត់បន្ថយការលំបាកភាពងាយរងគ្រោះទាំងឡាយនៅគ្រប់ច្រកល្ហកទាំងនៅតំបន់ជិត ឬ តំបន់ឆ្ងាយដាច់ស្រយាលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានកើតឡើងនាពេលកន្លងមកនៅតាមបណ្តាលខេត្តនានា។ ទន្ទឹមនឹងនេះ សម្តេចកិត្តិ បានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម សហពន័្ធអន្តរជាតិ និងសមាគមជាតិជាដៃគូសហប្រតិបត្តិការទាំងអស់ដែលតែងតែផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស សម្ភារៈ ថវិកា និងពង្រឹងភាពជាដៃគូជាទីពេញចិត្ត រួមជាមួយនឹងស្ថានីយ៍ទូរទស្សន៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលតែងតែចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយរាល់សកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា នារយៈពេលន្លងមក ជាពិសេសការលើកកម្ពស់ការយល់ដឹងពីបេសកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ហើយបានចូលរួមចំណែកយ៉ាងសកម្មធ្វើអោយកម្លាំងមនុស្សធម៍ ដែលជាវប្បធម៍ចែករំលែកនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថាកាលពីឆ្នាំទៅកាកបាទ ក្រហមកម្ពុជាធ្វើឡើងចំពេលដែលកម្ពុជាជួបនូវគ្រោះរាំងស្ងួត និងពេលនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការទ្រង់ ទ្រាយធំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទូទាំងប្រទេស តាម រយះការចែកចាយទឹក ការជីកអណ្តូង ជីកស្រះ ក្នុងនោះក៏មានការចូលរួមយ៉ាងសកម្មពីកាកបាទក្រហមកម្ពុជាផងដែរ។ តាមរយះវិធានការណ៍នេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពរួមរបស់កាកបាទក្រហមកម្ពុជា ដែលបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្មក្នុងពេលបច្ចុប្បន្ននេះ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ ដែលបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជាក្នុងវិស័យមនុស្សធម៍ដ៏ចាំបាច់មួយនេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកទាំងឡាយទោះតូចក្តីធំក្តីធ្វើយ៉ាងណាជួយសង្គ្រោះដល់ អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានគ្រោះឧបទ្ទវហេតុ ឬ គ្រោះមហន្តរាយផ្សេងៗ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាណាព្យាបាល ឪពុម្តាយ ត្រូវយកចិត្តទុកដាក់ដល់ការអប់រំកូនចៅចៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទដែលធ្វើអោយប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ម្យ៉ាងវិញទៀត គឺសូមប្រជាពលរដ្ឋទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ សូមបើកបរអោយមានការប្រុងប្រយត្ន័ ជាពិសេសបើកបរដោយគ្មានការប្រើប្រាស់គ្រឿងស្រវឹង។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលបានបន្តផ្តល់ថវិកាជារៀងរាល់ឆ្នាំចំនួនមួយលានដុល្លារឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងអរគុណដល់សាធារណៈជនដែលបានជួយដល់មន្ទីពេទ្យគន្ធបុប្ផានេះដើម្បីអោយដំណើរការទៅមុខ។ នៅក្នុងពេលថ្លែងទៅកាន់ សាធារណៈជន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានគោរពថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចំរើនព្រះជន្មព្រះអង្គក្នុងពេលខាងមុខនេះ សូមព្រះករុណាមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្ម យឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រគ្រប់ៗរូប។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្ញើ សារជូនពរ សម្តេច ក្នុងហ្វេសប៊ុគ (Facebook) និងតាមទូរស័ព្វ ក្នុងពេលដែល សម្តេចតេជោ បាន អញ្ជើញទៅពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរីកាលពីអាទិត្យមុននេះ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នឹង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្តល់កិត្តិយសទទួលថវិកាពីសប្បុរសជនដែលបាន ចូលរួមវិភាគទានដល់កម្មភាពមនុស្សធម៍កាកបាទក្រហមកម្ពុជា ព្រមទាំងបាន អញ្ជើញ ពិនិត្យការតាំងពិពណ៌សមិទ្ឋផលស្នាដៃកាកបាទក្រហមកន្លងមកនេះ និងថតរូបអនុស្សាវរីយ៍ជា មួយ សប្បុរសជន និងយុវជន យុវនារី ក្នុងបរិយាកាសរីករាយស្និទ្ធស្នាលបំផុត។ ថវិកាសរុបសម្រាប់ឆ្នាំ២០១៧ នេះទទួលបានបឋមព្រឹកមិញចំនួន ១៣,៤១០,២៨០ ដុល្លារអាមេរិក៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ