ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមន្ត្រីកាំកុងត្រូលវិទ្យាស្ថានស្តង់ដាកម្ពុជារួមជាមួយអាជ្ញាធរដែនដី ដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លី សុផាណា បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងផលិត និងចែកចាយទឹកក្រូច មួយកន្លែងមានយីហោ «Smile» ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ដោយមានការសង្ស័យថា គ្មានច្បាប់អនុញ្ញាត ពីស្ថាប័នពាក់ព័ន្ធនិងខុសលក្ខណៈបច្ចេកទេស គ្មានស្តង់ដាត្រឹមត្រូវ និងប្រើប្រាស់កម្មករមិនគ្រប់អាយុជាដើម។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការត្រួតពិនិត្យនោះកម្លាំងសមត្ថកិច្ចចម្រុះ បានរកឃើញថា ទី១ការបើកសិប្បកម្ម គ្មានច្បាប់អនុញ្ញាតអាជីវកម្មពីមន្ទីរឧស្សាហកម្ម, ទី២ គ្មានវិញ្ញាបនប័ត្រចុះបញ្ជីផលិតផល, ទី៣ គ្មានវិញ្ញាបនប័ត្រចុះស្លាកសញ្ញា, ទី៤ពុំមានលើកស្លាកយីហោសិប្បកម្ម និងទី៥ គ្មានឯកសារពាក់ព័ន្ធនឹងការផលិត។
ក្រៅពីនេះកម្លាំងបានរកឃើញទឹកក្រូចម៉ាក «Smile» គ្មានកាលបរិច្ឆេទប្រើប្រាស់រាប់ពាន់ដបមានដូចជា ទឹកក្រូចចំណុះ ២លីត្រចំនួន១.៦៩២ដប, ទឹកក្រូចចំណុះ១,២៥ លីត្រចំនួន ៣.២៥២ដប,ទឹកក្រូចចំណុះ៤០០មីល្លីលីត្រ ចំនួន ៦២,៩៤០ ដប ហើយសរុបជាទម្ងន់ស្មើនឹង ៣២,៦២៥តោន។
វត្ថុតាងខាងលើតម្រូវឲ្យម្ចាស់ទីតាំងខាងថែរក្សាបណ្ដោះអាសន្ន រង់ចាំលទ្ធផលពិសោធន៍ ពីស្ថាប័នជំនាញកាំកុងត្រូល វិទ្យាស្ថានស្តង់ដាកម្ពុជា ហើយក៏បានតម្រូវឲ្យម្ចាស់ទីតាំងចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃផងដែរ ៕ សុខាសែនជ័យ