ភ្នំពេញ ៖ កម្មការិនី ម្នាក់ ខណៈកំពុងដើរទៅដើរទៅធ្វើការងាររោងចក្រកាត់ដេរបានក្រុមទម្លាក់យោង(សំណរដូរយកមាស) បោកយកគ្រឿងអលង្ការអស់ជិតមួយតម្លឹង និងទូរស័ព្ទដៃមួយគ្រឿងដោយពួក គេល្បួងធ្វើសកម្មភាពឲ្យស្រ្តីម្នាក់ មកសួរនាងនិងធ្វើជាជ្រុះកាបូបលុយ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយរោងចក្រក្រោន ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នារីវ័យក្មេងរងគ្រោះ មានឈ្មោះ សួន ចរិយា អាយុ ១៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ សម្ភារៈបាត់បង់ ត្រូវបាននារីរងគ្រោះអះអាងថា ខ្សែកមាសទម្ងន់២ជី ចិញ្ចៀន២វង់ស្មើ២ជី ក្រវិល១គូ កងដៃប្លាទី១ ស្មើទម្ងន់២ជី ទូរស័ព្ទដៃសាំសុងមួយគ្រឿងនិង លុយ១៥ដុល្លារ ។
នារីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលនាងកំពុងដើរចេញពីផ្ទះ ឆ្ពោះទៅរោងចក្រ ដល់ខាងលិចសាលារៀនគោកបញ្ជាន់ ស្រាប់តែលេចមុខស្រ្តីម្នាក់ ដើរមកទន្ទឹមហើយសួរថា មានរើសបានកាបូបលុយ ១អត់ ព្រោះមានគេជ្រុះបាត់?ពេលនោះ នាងមិនទាន់ឆ្លើយថាមិនឃើញផងស្រាប់តែមានស្រ្តីម្នាក់ដើរមកអោនរើសកាបូបមួយនៅក្បែរ នោះហើយប្រាប់ថាកុំមាត់ នេះនែកាបូបលុយខ្ញុំរើសបានហើយ ហាមប្រាប់អ្នកណាដឹងឲ្យសោះ រង់ចាំយើងទុកចែកគ្នា ។
និយាយរួចស្រ្តីនោះបាន លាតចំហឲ្យមើលក្នុងកាបូប ឃើញសុទ្ធតែដុល្លារ និងមាសរួចប្រាប់នាងម្តងទៀតថា កុំមាត់តោះយើងយកទៅចែកគ្នានៅកន្លែងស្ងាត់។បន្ទាប់មកស្រី្តនេះល្បូងនាងឡើងជិះម៉ូតូ ហុងដា សេ១២៥ បើកបរដោយបុរសម្នាក់ទៅកាន់ផ្លូវបេតុងខាងក្រោយរោងចក្រក្រោន។ ទៅដល់ទីនោះគេបានលាកាបូបឲ្យមើលសាជាថ្មីម្តងទៀត រួចក៏ហុចថង់ក្រហមមួយ(មាសកាឡៃ) ឲ្យនាងមានចំនួនច្រើន។ចំណែកស្រ្តីសង្ស័យគេសុំដោះយកគ្រឿងអលង្ការពីខ្លួននាងអស់រលីង ប្រមូលគ្មានសល់ សូម្បីតែលុយ១៥ដុល្លារក៏មិនទុក ដោយប្រាប់ថានាងបានចំណែកច្រើន ជាងស្រី្តរូបនេះ ហើយក៏ឡើងជិះម៉ូតូចាកចេញទៅបាត់ទៅ។ លុះពួកគេចេញផុតនាងលាមើលក្នុងកាបូបឃើញសុទ្ធតែសំណរ គ្រាប់កាំកង់ ទើបដឹងថាចាញ់ បោកក្រុមជនសង្ស័យ ហើយក៏ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅជួយស្រាវជ្រាវជនសង្ស័យតែ ម្តងទៅ ៕ ប្រាថ្នា