ខេត្តកំពង់ធំ៖ សេចក្ដីរាយការណ៍ព័ត៌មានពីប្រជានេសាទបានឲ្យដឹងថា សព្វថ្ងៃនៅក្នុងតំបន់បឹងទន្លេសាបដែលក្នុងនោះភាគច្រើនមាននៅក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំ ចំណុចផ្សោត បាឡត ពាមបាងក្រុមទូកនេសាទជនជាតិយួនបានកំពុងសម្រុកចេញទូកទៅធ្វើសកម្មភាពនេសាទយ៉ាងអានាធិបតេយ្យ។
ទីតាំងខាងលើនេះ គ្រប់គ្រងដោយលោកប៉ែន វណ្ណរឹទ្ធជានាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោកយ៉ាន់ វិសាក់(ហៅសែ) ជានាយផ្នែកជលផលផាត់សណ្ដាយ និងលោកហួន ផល ជានាយសង្កាត់ពាមបាង ។
ប្រភពបានបន្តឲ្យដឹងថា សព្វថ្ងៃក្រុមទូកនេសាទជនជាតិយួនទាំងនោះបានប្រើឧបករណ៍នេសាទដូចជាអូសអួន រុញជន(រុញស៊ីប) យ៉ាំងកាវបំពាក់ឧបករណ៍ឆក់ត្រជាក់ និងទូកកាវលាសដៃលសុទ្ធសឹងប្រើដោយកម្លាំងម៉ាស៊ីនដែលក្រុមទូកនេសាទទាំងនេះមកពីឆ្នុកទ្រូស្រុកបរិបូរណ៍ និងកំពង់លួង ស្រុកក្រគ កំពុងចេញធ្វើសកម្មភាពទាំយប់ទាំងថ្ងៃកកូរពេញផ្ទៃបឹងធ្វើអោយទឹកបឹងមានសភាពល្អកខ្វល់បែកពពុះជាហេតុបង្កអោយប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំងនិងប៉ះពាល់ដល់ការរស់នៅរបស់ហ្វូងមច្ឆជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងផ្ទៃបាទទន្លេយ៉ាងខ្លាំងផងដែរ។
ប្រភពខាងលើបានបង្ហើបឲ្យដឹងទៀតថា ក្រុមទូកនេសាទខាងលើអាចចេញធ្វើសកម្មភាពនេសាទបានយ៉ាងរលូនដោយសារមានមេខ្យល់រត់ការបង់លុយឲ្យសមត្ថកិច្ចជាថ្នូរនឹងការមិនបង្ក្រាបដែលគេស្គាល់ឈ្មោះ ហៀងជនជាតិយួននៅឆ្នុកទ្រូជាអ្នកប្រមូលទិញត្រីរត់ការទូក (អូសអួន និងរុញជន) ចំណែកទូកកាវលាសមានឈ្មោះចែអ៊ីនៅឆ្នុកទ្រូជាអ្នករត់ការ។ ព័ត៌មានប៉ុណ្ណឹង តើក្រុមចម្រុះអាចចុះបង្ក្រាបយកស្នាដៃបានអត់? ឬក៏សម្ងំឆីជាមួយមន្ត្រីជំនាញខាងលើអស់ទៅហើយ? ៕ ប៊ុន រិ ទ្ធី