ព័ត៌មានទាន់ហេតុការណ៍៖

តៃកុងផ្ទេរឱ្យព្រូបើកបរគ្មានជំនាញបើកជំនួសរេចង្កូតបុករះម៉ូតូ៤គ្រឿង បន្តជ្រុលបុកដើមច័ន្ទគីរី ហៅដើម(អំពិលទឹកបារាំង)បណ្តាលឱ្យអ្នកបើករថយន្ត និងអ្នកដំណើរក្នុងរថយន្តក្រុងរិទ្ធិមុនី ៤នាក់រងរបួសធ្ងន់ ស្រាល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធិមុនី បណ្តែតបណ្តោយឱ្យអ្នកគ្មានចំនាញបើកបរ ហើយក៏បើករ៉េចង្កូតបុករះម៉ូតូ៤គ្រឿងចតនៅលើក្បែរចិញ្ចើមផ្លូវ និងថែមជ្រុលបុកដើមច័ន្ទគីរី១ដើមហៅដើម(អំពិលទឹកបារាំង)ទើបទៅមុខលែងរួចបណ្តាលឱ្យអ្នកដំណើរ ក្នុងរថយន្តក្រុង និងអ្នកបើកបរ សរុប៤នាក់ ទទួលរងរបួសធ្ងន់ និងស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង កើតឡើង នៅវេលាម៉ោង ១០ និង ៤០ នាទីព្រឹក ថ្ងែទី ១០ ខែឧសភាឆ្នាំ២០១៧ នៅចំណុចខាងលិចសាលាបឋមសិក្សាបាឡាត់ ជិតរង្វង់មូលនាងរំសាយសក់លើកំណាត់ផ្លូវជាតិ លេខ៥៧ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បើតាមប្រភពព័ត៌មាន ពីអ្នកធ្វើដំណើរលើរថយន្តក្រុងបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តក្រុងមួយគ្រឿង ដែលជារបស់ក្រុមហ៊ុនរិទ្ធិមុន្នី ពាក់ស្លាកលេខ ភ្នំពេញ 3C-5152 បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ( រថយន្តចេញដំណើរពីព្រំដែនកម្ពុជា-ថៃ ស្រុកកំរៀងគោលបំណងទៅកាន់ក្រុងភ្នំពេញ) ។ លុះបន្ទាប់មក ស្រាប់តែតៃកុងរថយន្ត ដែលជាអ្នកជំនាញបើកបរបានផ្ទេរសិទ្ធិឱ្យព្រូបើកជំនួស វិញ ។ ស្រាប់តែរថយន្តធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ មិនដឹងមូលហេតុអ្វីកើតឡើងនោះទេ ចំពោះអ្នកបើកបរ ដោយគេឃើញរថយន្ត បានរេចង្កូតទៅឆ្វេងដៃ កាត់ទទឹងថ្នល់ ហើយបានបុករះម៉ូតូចំនួន៤គ្រឿងចតចោលលើចិញ្ចើមផ្លូវ រថយន្តបន្តជ្រុលបុកនឹងដើមច័ន្ទគិរីដ៏ធំមួយដើមទៀត ទើបរថយន្តទៅមុខលែងរួចតែម្តង។

នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះដែរ គេសង្គេតឃើញថា អ្នកដំណើរនៅក្នុងរថយន្តមានគ្នាពី២០ទៅ៣០នាក់ នាំគ្នាស្រែកឆោឡោភ័យខ្លាចពេញក្នុងរថយន្ត។ គេឃើញអ្នកបើករថយន្តត្រូវបុកជាប់នឹងទ្វាររថយន្តបណ្តាលឱ្យបាក់ជើងជាប់ក្នុងរថយន្ត និងមានអ្នកដំណើរ៣នាក់ទៀតរងរបួសផងដែរ ។ ប្រជាពលរដ្ឋឃើញបែបនោះក៏នាំគ្នាគាស់ទ្វារថយន្តរំដោះអ្នកធ្វើដំណើរ និងអ្នករងរបួសចេញពីក្នុងរថយន្ត និងបានដឹកអ្នករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។ដោយឡែក តៃកុងរថយន្តពិតប្រាកដធ្វើដំណើរក្នុងរថយន្តនោះដែរបានរត់គេចខ្លួនបាត់ ។

បើតាមប្រភពព័ត៌មានពីនគរបាលក្រុងបាត់ដំបងដែលចុះទៅវាស់វែងត្រួតពិនិត្យនៅកន្លែងកើតហេតុឱ្យដឹងថា គ្រោះថ្នាកចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្តាលឱ្យម៉ូតូ៤គ្រឿងរងការខូចខាត រថយន្តក្រុង ក៏រងការខូចខាតផ្នែកខាងមុខធ្ងន់ ចំណែកអ្នករងរបួសសរុប៤នាក់ ។

មូលហេតុនាំឱ្យកើតមានឡើងគ្រោះថ្នាក់ចរាចរណ៍នេះ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច មកពីអ្នកបើកបរងងុយដេក ឬអ្នកបើកបរគ្មានជំនាញ បើកបរក្នុងស្ថានភាពតក់ស្លត់ ។ រថយន្តក្រុងខាងលើ ក្រោយពីសមត្ថកិច្ចវាងវែងតាមជំនាញរួចហើយ ក៏បានអូសយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីទុកចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖