ខេត្តសៀមរាប៖ មេជាងម៉ៅការសំណង់ ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ឱ្យគេនៅខេត្តសៀមរាប រត់គេច ទៅពួនសម្ងំ នៅខេត្ត កំពង់សោម ត្រូវប៉េអឹមខេត្តសៀមរាប ដឹកនាំដោយ លោក វរសេនីយ៍ត្រី ទៀ ប៊ុនហ៊ុល នាយការិយាល័យបទល្មើសយោធា សហការជាមួយកម្លាំងនៃមន្ទីរយុត្តធម៌កងរាជអាវុធហត្ថ ខេត្តព្រះ សីហនុ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ១៧៩ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ចេញដោយលោក កើត វណ្ណារ៉េត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ឱ្យតាមក្របួច យកមកដាក់គុកវិញនៅខេត្តសៀមរាប។
ហេតុការណ៍ឃាត់ខ្លួនមេជាងម្នាក់នោះធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែឩសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិគគីរ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ត្រី ទៀ ប៊ុនហ៊ុល នាយការិយាល័យបទល្មើសយោធា ដឹកនាំកម្លាំងនៃមន្ទីរយុត្តិធម៌ ចំនួន៤នាក់ រថយន្តស៊ីរ៉ែន ០១គ្រឿង សហការជាមួយកម្លាំងនៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ ខេត្តព្រះ សីហនុ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ១៧៩ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ចេញដោយលោក កើត វណ្ណារ៉េត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្ត សៀមរាប នៅចំនុចភូមិគគីរ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកបានបន្តថា ជនសង្ស័យ ឈ្មោះ លក្ខ ស៊ីធីរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខ របរម៉ៅការសំណង់ បច្ចុប្បន្នរស់នៅភូមិអញ្ញាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញបានរៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តសៀមរាបនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធី៕ ប៊ុនរិទ្ធី