ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោកព្រាប សុវត្ថិ និងកញ្ញាឱក សុគន្ធកញ្ញា ត្រូវបានគេទម្លាយថាទើបនឹងទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស ។ ភាពយន្តភាគថ្មីនេះ នឹងក្លាយជាភាពយន្តលើកដំបូងដែលពួកគេសម្តែងរួមគ្នា។
ព្រាប សុវត្តិធ្លាប់បានសម្តែងភាពយន្តមួយចំនួនរួមមកហើយ ដូចជារឿង“នេសាទក្រពើ”រឿង«ធ្លាប់ស្រលាញ់ខ្ញុំទេ?» ជាដើមគ្រាដែលតារាចម្រៀងឱក សុគន្ធ មិនធ្លាប់បានចូលរួមសម្តែងភាពយន្តសោះចាប់តាំងពីនាងប្រឡូកក្នុងអាជីពសិល្បៈ ប៉ុន្តែការសម្តែងមិនមែនជាឧបសគ្គសម្រាប់នាងឡើយ ព្រោះតែនាងឆ្លងកាត់ការសម្តែងក្នុងបទចម្រៀងជាច្រើនរួចមកហើយនោះ ។
ស្របពេលដែលបទ«រាំអញ្ជែកៗ»របស់តារាចម្រៀងទាំងពីរបានទទួលការគាំទ្រច្រើន ស្រាប់តែលេចចេញដំណឹងថា អ្នកទាំងពីរបានចាប់ដៃគ្នាថតភាពយន្តភាគថ្មីរួមគ្នាផងដែរ ។ ការទម្លាយនេះដែរ ក្រោយពេលដែលស្ថានីយទូរទស្សន៍ហង្សមាសបានសម្ងំថតភាពយន្តភាគថ្មីរបស់ខ្លួនអស់ជាងមួយខែមកហើយ ។ ទោះជាយ៉ាងណាចំណងជើងភាពយន្តយន្តភាគថ្មីនេះ មិនត្រូវបានគេបញ្ជាក់ទេ ប៉ុន្តែប្រាកដណាស់ថា ភាពយន្តនេះដឹកនាំសម្តែងដោយផលិតករជើងចាស់ លោកហ្វៃ សំអាង ដែលទើបនឹងលាឈប់ពីការងារនៅទូរទស្សន៍អប្សរានោះ ។
ទោះជាយ៉ាងណា គេនៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាចម្រៀងលោ កព្រាប សុវត្ថិ និងកញ្ញាឱក សុគន្ធកញ្ញា បាននៅឡើយទេ ខណៈដែលលោកហ្វៃ សំអាង បានស្នើមិនបញ្ជាក់ពីដំណឹងនេះ ។ ប៉ុន្តែប្រភពពីសិល្បករដែលបានចូលរួមសម្តែងក្នុងរឿងនេះ លើកឡើងថា ផលិតកម្មហង្សមាសបានដាក់កំពូលតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួនមកសម្តែងរឿងភាគថ្មីរបស់ខ្លួនដើម្បីទាក់ទាញការចាប់អារម្មណ៍ ហើយគេចម្លែកដែលភាពយន្តនេះត្រូវបានរិតត្បិត និងលាក់លៀមមិនឲ្យមានការបញ្ចេញព័ត៌មានណាមួយនោះ ។
ប្រភពបញ្ជាក់ថា សូម្បីតែការថតរូបបង្ហោះក៏ត្រូវបានហាមឃាត់ដែរ សម្រាប់តារាសម្តែងក្នុងរឿងនេះ ព្រោះតែជាលក្ខខណ្ឌរបស់ផលិតកម្មដែលលើកឡើងថារក្សាការសម្ងាត់និងចង់ឲ្យរឿងនេះ ចាប់ផ្តើមផ្ទុះការគាំទ្រនៅពេលចេញផ្សព្វផ្សាយវីដេអូខ្លីវិញ ។
ប្រភពលើកឡើងដែរថា ភាពយន្តភាគថ្មីនេះជារឿងបែបមនោសញ្ចេតនា និងមានឈុតឆាកជាច្រើនថតនៅភ្នំពេញ និងខេត្តមួយចំនួន ។ មានការលើកឡើងដែរថា ភាពយន្តនេះថតបានប្រមាណជិត៥០ភាគរយហើយហើយក៏គ្រោងនឹងបញ្ចប់ការថតក្នុងពេលឆាប់ៗនេះ ដែលតាមការប៉ាន់ស្មានភាពយន្តដែលសម្តែងរួមដោយតារាចម្រៀងពីររូបនេះនឹងចាក់បញ្ចាំងក្នុងអំឡុងចុងឆ្នាំ២០១៧នេះ ៕ វឌ្ឍនា