ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ថា៖
«ថ្ងៃនេះ ជាព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះបានធ្វើឡើងនៅខេត្តព្រៃវែង។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅ តាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសចក្តីសុខ សំណាងល្អ និងពុទ្ឋពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីខាននៅក្នុងថ្ងៃនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ