ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានធ្វើដំណើរចូលមកកំសាន្តនៅខេត្តព្រះសីហនុ តែងតែថ្លែងកោតសរសើរមិនដាច់ពីមាត់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ដែលមានលោក យន្ត មីន ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជានិច្ចជាកាលស្ទើររកពេលវេលាសម្រាកមិនបាន ក្នុងការដឹកនាំអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការស្តារអូរ ដាក់លូធំៗត្រៀមការពារទឹកជំនន់នារដូវវស្សា ដែលកាន់តែខឹតជិតមកដល់ ។
ក្នុងនោះលោកអភិបាលខេត្តបានដឹកនាំអង្គភាពជំនាញ ស្ថាបនាពង្រីកផ្លូវបានធំទូលាយ ស្ថាបនាផ្លូវចាក់បេតុងនៅតាមមូលដ្ឋានបានខ្វាត់ខ្វែងសម្រាប់សម្រួលការធ្វើចរាចររបស់ប្រជាពលរដ្ឋ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះត្រង់ថា ការខិតខំប្រឹងប្រែងឲ្យបានលេចចេញជាសមិទ្ធិផលបានរួចហើយក្តី តែបើខ្វះការចូលរួមការពារ ថែទាំសមិទ្ធិផលពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងការទប់ស្កាត់ ដូចជារថយន្តដឹកទំនិញលើសទម្ងន់ចូលក្នុងក្រុងបំផ្លាញផ្លូវ បង្កការកកស្ទះ។ល។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ មានរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង ម៉ាក FUSO ពាក់ស្លាកលេខ ព្រះសីហនុ 3A_0908 បើកបរចូលតាមផ្លូវបេតុងលេខ២០៨ ត្រង់ចំណុចជាប់ផ្សារសាម៉ូដឺរ៉ា ដែលតភ្ជាប់ជាមួយវិថី៧មករា បណ្តាលឲ្យបាក់ស្រុតផ្លូវរងការខូចខាតយ៉ាងដំណំ ដោយមិនមានសមត្ថកិច្ចនគរបាលជំនាញមកឃាត់រថយន្តបង្កដើម្បីទទួលខុសត្រូវចំពោះការខូចខាតផ្លូវឡើយ។
លោកវរៈសេនីយ៍ឯក អ៊ី សុខាស្នងការ រងទទួលផែនសណ្តាប់ធ្នាប់ ការិយាល័យនគបាលចរាចរផ្លូវគោគ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ហាក់មិនមានភាពទទួលខុសត្រូវលើភារកិច្ចជំនាញរបស់ខ្លួនថា គ្រប់រថយន្តធុនធំដឹកទំនិញសំពោងសំពាយ អាចចូលក្រុងបានចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៧ព្រឹក។
ចំពោះរថយន្តដឹកទំនិញធុនធំទាំងឡាយណា ដែលបើកបរចូលដាក់ទំនិញតាមច្រកផ្លូវបេតុងនានា លោកមិនអាចគ្រប់គ្រងបានទេ ព្រោះកម្លាំងសមត្ថកិច្ច នៅក្រោមឱវាទមានចំនួនតិចតួច មិនអាចគ្រប់គ្រងគ្រប់ច្រកល្ហកបានអស់នោះទេ ។
ប្រជាពលរដ្ឋបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតផ្លូវខាងលើនេះ និង បានសំណូមពរដល់លោកអភិបាលខេត្ត គួរតែដាក់វិធានការណ៍ទប់ស្កាត់ឲ្យបានតឹងរឹងចំពោះរថយន្តដឹកទំនិញធុនធំចូលមកក្នុងក្រុងដូចជាករណីខាងលើផង ៕ ឆ្លាម សមុទ្រ