ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យដៃដល់ដែលប៉ុនប៉ងចាក់សម្លាប់អតីតនាយប៉ុស្តិ៍ជ្រើសរើសវិធីអត្តឃាតគេចពីច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យដៃដល់ក្នុងករណីប៉ុនប៉ងចាក់សម្លាប់អតីតនាយប៉ុស្តិ៍ជំពូព្រឹក្ស ព្រោះរឿងគំនុំនោះ បានជ្រើសរើសវិធីអត្តឃាតដើម្បីគេចពីសំណាញ់ច្បាប់ ខណៈដែលសមត្ថកិច្ចកំពូងតាមប្រមាញ់។

ការប្រទះឃើញសពជនដៃដល់កើតឡើង កាលពីវេលាម៉ោង១៨និង២៦នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅលើភ្នំតាងាំ ស្ថិតក្នុងភូមិថ្មី ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយត្រី ពីង ពៅ អធិការរងនគរបាលស្រុកឧដុង្គបានប្រាប់ថា ដោយបានទទួលព័ត៌មានពីមេភូមិ ជំពូព្រឹក្ស ថា បានប្រទះឃើញមនុស្សចង់កនៅលើកំពូលភ្នំ តាងាំ ពេលនោះ រូបលោកបានដឹកនាំកំលាំងក្រោមបញ្ជា សហការជាមួយនគរបាលស្រុកថ្ពង និងប្រជាការពារភូមិ ធ្វើដំណើរសំដៅទៅរកកន្លែងដែលមេភូមិបានរាយការណ៍ ។

លោកអធិការរងបន្តថា ពេលទៅដល់ ក៏បានឃើញសាកសពបុរសម្នាក់ចងកនឹងមែកឈើពិតប្រាកដមែន ។ ដំបូងឡើយ មានប្រជាពលរដ្ឋដែលស្គាល់បានប្រាប់ថា សពគឺមានឈ្មោះប៊ី សារុន តែសមត្ថកិច្ចរបស់លោកនៅមិនទាន់ជឿជាក់ថា ជាសពរបស់ជនសង្ស័យឈ្មោះប៊ី សារុន ដែលសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនក្នុងករណីប៉ុនប៉ងចាក់សម្លាប់អតីតនាយប៉ុស្តិ៍ជំពូព្រឹក្សនោះទេ ដោយចង់បញ្ជាក់ឲ្យបានច្បាស់លាស់ កម្លាំងសមត្ថកិច្ចជំនាញរបស់លោកបានត្រួតពិនិត្យលើសាកសព ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ នៃសពចៀសវាងមានការភ័ន្តច្រឡំ ។

លោក ពីង ពៅ បានបន្តថា ក្រោយពីកម្លាំងជំនាញបានត្រួតពិនិត្យលើសពទើបដឹងច្បាស់ថា គឺជាសាកសពរបស់ឈ្មោះ ប៊ី សារុន ដែលប្រជាពលរដ្ឋអះអាងប្រាប់ប្រាកដមែន ។

មូលហេតុដែលសមត្ថកិច្ចកំណត់ថា ជាសពរបស់ជនសង្ស័យដៃដល់ ដែលប៉ុនប៉ងចាក់សម្លាប់អតីតនាយប៉ុស្តិ៍នោះ ព្រោះសមត្ថកិច្ច បានរកឃើញលិខិតបណ្តាំចំនួន៧សន្លឹក ដែលជនសង្ស័យបានសរសេរមុនពេលធ្វើអត្តឃាត ។

សូមរំលឹកថា កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៦និង៤០នាទី នៅចំណុចក្រោមផ្ទះ ស្ថិតនៅភូមិជំពូព្រឹក្ស ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីប៉ុនប៉ងមនុស្សឃាត ដែលបង្ករដោយឈ្មោះប៊ី សារុនភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុបានយកកាំបិតចិតបន្លែរពណ៌ស ចាក់និងស្នាប់ដៃវាយលើជនរងគ្រោឈ្មោះ ឯម សាម៉េនភេទប្រុស អាយុ៥៥ឆ្នាំជាអតីតនាយប៉ុស្តិជំពូព្រឹក្សរស់នៅភូមិឃុំខាងលើ រងរបួសចំលើចង្កេះខាងស្តាំ និងចំក្បាល ដោយសារមូលហេតុគំនុំ។

ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរលោកសង្ឃ ឯរាជធានីភ្នំពេញ ៕ សេនាស័ក្តិ


ចែករំលែក៖