ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងទឹកថ្លុកស្ពាយជាប់នឹងប្រដាប់បាញ់ស្មៅ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងទឹកថ្លុកស្ពាយជាប់នឹងឧបករណ៍បាញ់ស្មៅ នៅក្នុងចំការពោត មួយកន្លែង ខណៈដែលជនរងគ្រោះបានចុះទៅបាញ់ថ្នាំស្មៅ នៅក្នុងចំការពោតរបស់ខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១២ ថ្ងៃត្រង់ ស្ថិតនៅចំណុចអូររំដួល ភូមិអូរទឹកថ្លា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ ក្រោយពីមានហេតុការណ៍បែបនោះហើយ មានប្រជាពលរដ្ឋ បានផ្អើលនាំគ្នាទៅមើលសព និងសមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យសពដើម្បីពិនិត្យវិភាគជុំវិញនៃការស្លាប់នោះ ។

បើតាមការឱ្យដឹងពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហាយ ជូត ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិដីក្រហម ក្នុងភូមិសាស្ត្រស្រុកកំរៀង ដោយកន្លងមកជនរងគ្រោះរូបនេះ ធ្លាប់មានជំងឺឆ្គួតជ្រូកប្រចាំកាយ ដោយយូរៗធ្វើទុកម្តង ។

នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានទៅបាញ់ថ្នាំសម្លាប់ស្មៅនៅក្នុងចំការពោតតែម្នាក់ឯង ។ នៅពេលនោះគេសង្ស័យទំនងជាជំងឺចាស់ជនរងគ្រោះរើឡើងវិញ ឬជនរងគ្រោះ កើតខ្យល់គរ ទើបធ្វើឲ្យគាត់ដួលផ្កាប់មុខទៅក្នុងទឹកថ្លុកលង់ស្លាប់តែម្តង ដោយមានធុងថ្នាំបាញ់ស្មៅសង្កត់ពីលើផង ។

សមត្ថកិច្ចបានអះអាងថា ករណីនេះគ្មានការពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីឡើយ ដោយបច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សំ វិច្ឆិកា


ចែករំលែក៖