ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថស្រុកសន្ទុកសហការជាមួយរដ្ឋបាលព្រៃផ្នែកកំពង់ថ្មស្ទាក់ចាប់រថយន្តម៉ាក់ហុីយ៉ាន់ដាយដឹកឈើធ្នង់៧៤ដុំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តហុីយ៉ាន់ដាយដឹកឈើធ្នង់ចំនួន៧៤ដុំរបស់ឈ្មោះ ធា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកតាមាក់ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយកម្លាំងអាវុធហត្ថស្រុកសន្ទុក ក្រោមការបញ្ជា និងចូលរួមដោយលោកស្រី សំណាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសន្ទុកឃាត់ចាប់រថយនម៉ាក់ហុីយ៉ាន់ដាយដឹកឈើធ្នង់ចំនួន៧៤ដុំ នៅចំណុចភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈដែលរថយន្តកំពុងធ្វើដំណើរដឹកឈើនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានពីលោកស្រីសំណាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសន្ទុកបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីបណ្ដាញលោកបានបញ្ជាឲ្យកំម្លាំងអាវុធហត្ថ សហការនឹងរដ្ឋបាលព្រៃឈើបានត្រៀមកម្លាំងចាំស្ទាក់ចាប់លុះមួយសន្ទុះក្រោយមក ក៏បានឃើញរថយន្តនោះដឹកឈើចេញពីខេត្តកំពង់ធំ ខណៈនោះកម្លាំងសមត្ថកិច្ចបានស្ទាក់ឃាត់សួរនាំឃើញថា មិនមានច្បាប់ទំលាប់អីទេ ហើយក៏បានប្រគល់ឲ្យទៅជំនាញផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ព្រមទាំងឃាត់ខ្លួនអ្នកបើកបរ និងអ្នករួមដំណើរចំនួន២នាក់ស្រីមួយនាក់ប្រុសម្នាក់់យកទៅសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម និងធ្វើកំណត់ហេតុបញ្ជូនទៅរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត ។

លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានឲ្យដឹងថា ឈើធ្នង់ដែលផ្ទុកលើរថយន្តម៉ាក់ហុីយ៉ាន់ដាយនោះមានចំនួន៧៤ដុំ ស្មើនឹង១.៣៧១ម៉ែត្រគូបឈើ និងរថយន្តត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ចំណែកអ្នកបើកបរ និងអ្នករួមដំណើរត្រូវបានកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖