ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងសៀមរាបចាប់បានជនសង្ស័យចោរប្លន់២នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ត្រីនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនសង្ស័យជាចោរប្លន់ចំនួន២នាក់ ត្រូវបាន កម្លាំងនគរបាល ព្រហ្មទណ្ឌ ក្រុងសៀមរាប ឃាត់ខ្លួន។ ហេតុការណ៍ ឃាត់ខ្លួន ធ្វើនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ជីវ លាភហេង (ហៅម៉ាប់) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ឃាត់ខ្លួន នៅវេលាម៉ោង១០និង២០នាទី នៅចំណុច ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ ២ ឈ្មោះម៉ី គឹមឆេង(ហៅអូន) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ឃាត់ខ្លួន នៅវេលាម៉ោង១២និង០០នាទី នៅនឹងផ្ទះជនសង្ស័យផ្ទាល់។

បើតាមនគរបាល ក្រុងសៀមរាប បានឲ្យដឹងថា ករណីនេះធ្វើឡើង ដោយមានការ ចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប។

ជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធករណី អំពើលួច មានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ និងទូរស័ព្ទរួមទាំងកាបូបលុយ) កាលពីវេលាម៉ោង១និង១០យប់ ថ្ងៃទីទី១០ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ នៅចំណុចក្រោយ ភោជនីយដ្ឋានស៊ុបឆ្លាម២ ស្ថិតក្នុងក្រុមទី៥ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ជនរងគ្រោះ ឈ្មោះហេង សំណាង (ហៅជេស) ភេទប្រុស អាយុ២៦ឆ្នាំ ។

ដោយមានការណែនាំពីថ្នាក់ដឹកនាំ នគរបាល ខេត្តសៀមរាប លោកវរសេនីយ៍ត្រីនួន សក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ នៃក្រុងសៀមរាប បានចុះស្រាវជ្រាវ និងស៊ើបបអង្កេត ដោយលទ្ធផល នៅថ្ងៃទី១២ ខែឧសភា នគរបាល បានឃាត់ខ្លួន ជនសង្ស័យខាងលើ។

មន្ត្រីនគរបាលបានបន្ថែមថា វត្ថុតាងដកហូតបាន ទូរសព្ទ័ម៉ាកណូគា (Nokia) ចំនួន០១គ្រឿង ពណ៌ក្រហម ម៉ូតូចំនួន២គ្រឿង ម៉ាកស៊ូមមើអិច(ZoomerX) លេខម៉ាស៊ីន JF62E.3101104 លេខតួ JF6211H-5101104 ម៉ាកហុងដាឌ្រីម C125 លេខម៉ាស៊ីន 8736041 លេខតួ 8736041 ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាល ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាល ក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕ ប៊ុន​រិទ្ធី


ចែករំលែក៖