ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកស្អាងចុះផ្អាកដេប៉ូលក់ប្រេងលើចំណីផ្លូវនៅចំណុចភូមិព្រែករុនក្រោមជាលើកទី២

ចែករំលែក៖

ខេត្តកណ្តាល ៖ បន្ទាប់ពីម្ចាស់ស្ថានីយ លក់ប្រេងមួយកន្លែងដែលយកចំណីផ្លូវ ជាតិលេខលេខ២១បេ កែងផ្លូវលេខ២១០ ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង នៅតែបន្តសាងសង់ ដោយ បំពានលើចំណីផ្លូវទៀត កាលពីចុងសប្ដាហ៍កន្លងទៅអាជ្ញាធរបានចុះធ្វើការហាមប្រាមជាលើកទី២។ ការចុះធ្វើការហាមឃាត់នេះ បានធ្វើឡើង បន្ទាប់ពីមានពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋចំនួន១៣គ្រួសារ និង ភាពជាក់ស្ដែងដែលស្ថានីយនេះបានសាងសង់នៅលើចិញ្ចើមផ្លូវសាធារណៈ ដែល បណ្ដាលឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍។

អ្នកស្រី គឹម ស្រូយ បានឲ្យដឹងថា ម្ចាស់ ដេប៉ូលក់ប្រេងនេះ គ្មានស្តាប់ការណែនាំពីអាជ្ញាធរនោះឡើយ គិតតែពីប្រយោជន៍ ផ្ទាល់ខ្លួន។ អ្នកស្រីបន្តថា តាមពិតដីផ្ទះសាងសង់ជាដីចំណីរបស់ផ្លូវ ហើយរដ្ឋាភិបាលក៏បានសងសំណងផលបះពាល់ទៅឲ្យម្ចាស់ស្ថានីយរួចរាល់ហើយដែរ តែគេ មិនបានរុះរើទេ ហើយថែមទាំងសាងសង់ ជាន់ពីលើចំណីផ្លូវថែមទៀតផង ។

ទាក់ទងបញ្ហានេះលោក ញ៉ែម វាន់ថា អភិបាលរងស្រុកដែលដឹកនាំកម្លាំងចុះទៅហាមឃាត់នោះបានឲ្យដឹងថា ការចុះផ្អាក ដេប៉ូលក់ប្រេងនេះ ជាលើកទី២ហើយដោយមានការឯកភាពរបស់គណៈអភិបាលខេត្តកណ្តាល ដោយផ្អាកមិនឲ្យធ្វើសកភាពដាក់ស៊ីទែនសាំងបង្កប់ក្នុងដីហាមមិនឲ្យបន្តទុកចាំដោះស្រាយហើយ ហ្គារ៉ាសសាំងចាស់ ត្រូវរុះរើចេញលើដីចំណីផ្លូវ ។ បើម្ចាស់ខាងលើមិនស្តាប់ការណែនាំពីអាជ្ញាធរហើយនៅតែបន្តធ្វើសកម្មភាពលួចធ្វើទៀត ម្ចាស់ ដេប៉ូនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ ៕ សហការី


ចែករំលែក៖