ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់មុខតែមិនស្គាល់ចិត្ត! ឲ្យម៉ូតូខ្ចីទៅទិញនំប័ុង បែរជាយកទៅបាត់រហូត

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានត្រឹមតែរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីឲ្យជួយអន្តរាគមន៍​ករណីឲ្យម៉ូតូទៅអ្នកធ្វើការជាមួយ ថាខ្ចីទៅទិញនំបុ័ងមួយភ្លែត បែរជាយកទៅបាត់រហូត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចកន្លែងលាងរថយន្ត ស្អាតពេញចិត្ត តាមបណ្តោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ ឌៀប សុីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលាងរថយន្ត នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតភូមិត្រពាំងធំ ឃុំរនាម ស្រុកត្រពាំងវែង ខេត្តតាកែវ។ ចំណែកជនសង្ស័យដែលជាអ្នកខ្ចីម៉ូតូនោះមានឈ្មោះ ផល្លា រត្ននា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលាងរថយន្តជាមួយគ្នា និងស្នាក់នៅកន្លែងធ្វើការជាមួយគ្នា មានស្រុកកំណើតស្រុកមេសាង ខេត្តព្រៃវែង (រត់គេចខ្លួនបាត់) ។

តាមការរៀបរាប់ពីយុវជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងខាងលើ រូបគេបានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយសុីគីនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1M8031 មកកន្លែងធ្វើការដូចសព្វដង ពេលនោះជនសង្ស័យបានសួរថា ឥឡូវឯងជិះម៉ូតូសុទ្ធតែនិចទៀតណ័រ! បន្តិចក្រោយមក ជនសង្ស័យបាននិយាយថា ខ្ញុំខ្ចីម៉ូតូទៅទិញនំបុ័ងហូបបន្តិច ពេលនោះយុវជនរងគ្រោះ ក៏អោយកូនសោម៉ូតូទៅជនសង្ស័យ ហើយជនសង្ស័យក៏ជិះចេញទៅបាត់ ហើយរូបគេក៏ទៅលាងរថយន្តរហូតមកដល់ម៉ោង២និង៥០នាទីរសៀល នៅតែមិនឃើញជនសង្ស័យនោះយកម៉ូតូមកវិញ ទើបជនរងគ្រោះសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មីតែម្តង ក្រែងសមត្ថកិច្ចជួយតាមរកម៉ូតូឃើញវិញ។

ដូច្នេះហើយសូមប្រជាពលរដ្ឋគ្រាប់រូប ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះដូចពាក្យចាស់ពោលថា មនុស្សស្គាល់មុខ តែមិនស្គាល់ចិត្ត៕ តុង សីហា


ចែករំលែក៖