ភ្នំពេញ: បុរសម្នាក់ផឹកស៊ីស្រវឹង បានឈ្លោះប្រកែកជាមួយប្រពន្ធបន្តិចបន្តួច មិនដឹងជាយ៉ាងម៉េចគិតខ្លី សម្រេចចិត្តធ្វើអត្តឃាតដោយទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សចាស់ បង្កការភ្ញាក់ផ្អើលដល់សាច់ញាតិ និងប្រជាពលរដ្ឋយ៉ាងខ្លាំងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ២ខណ្ឌច្បារអំពៅ ។
បុរសរងគ្រោះ មានឈ្មោះ ស៊ុន រ៉ាន់ អាយុ៥៥ឆ្នាំ មុខរបរជាកម្មករលើកដែក ស្នាក់នៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដោយមានប្រពន្ធឈ្មោះ ផាន់ សុផាណា អាយុ៥៣ឆ្នាំ មានមុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅជាមួយគ្នា និងមានកូនប្រុស២នាក់ ស្រី៣នាក់រស់ក្នុងបន្ទុក ។
បើតាមសម្ដីស្ត្រីជាប្រពន្ធរបស់បុរសរងគ្រោះខាងលើបានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ ប្ដីរបស់គាត់បានទៅអង្គុយផឹកស្រាថ្នាំក្បែរផ្ទះអស់១ពាន់រៀល ហើយពេលឃើញដូច្នេះគាត់ជាប្រពន្ធបានហៅប្ដីមកហូបបាយជុំគ្នាព្រមទាំងនិយាយ ហាមប្ដីកុំឲ្យផឹកស្រាច្រើនពេក ព្រោះគាត់កំពុងមានជំងឺប្រចាំកាយផង។ប៉ុន្តែសំណូមពរនេះ ត្រូវប្ដីរបស់គាត់មិនធ្វើតាម និងបានឈ្លោះប្រកែកគ្នាជាមួយគាត់បន្តិចបន្តួច។ លុះមួយសន្ទុះក្រោយមក មិនដឹងរឿងអីស្រាប់តែប្ដីរបស់គាត់ បានរត់ឡើងលើស្ពានព្រះមុនីវង្សចាស់ លោតទឹកសម្លាប់ខ្លួនតែម្ដង បង្កការភ្ញាក់ផ្អើលដល់សាច់ញាតិ ក្រុមគ្រួសារ និងប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានចេញទូកចុះជួយទៅរាវរក រហូតអស់រយ:ពេលជាង១ម៉ោង នៅតែរកមិនឃើញ។
ប្រភពព័តមានពីកន្លែងកើតហេតុវិញបានឲ្យដឹងទៀតថា ក្នុងពេលកើតហេតុខាងលើគេឃើញមានអូប័ររបស់នគរបាលផ្លូវទឹក ២គ្រឿង ចតទុកចោលនៅក្បែរនោះធ្វើដូចគ្មានរឿងអីកើតឡើងទេទោះបីប្រជាពលរដ្ឋស្រែកដង្ហោយពីលើស្ពានឲ្យជួយចេញស្វែងរកបុរសដែលលោតទឹកនោះក៏ដោយ ដោយទុកឲ្យក្រុមគ្រួសារជនរងគ្រោះឆ្លេឆ្លានិងស្រែកទ្រហោរយំពេញលើស្ពាន។ ភាពខ្លោចផ្សារនេះ ក្រុមគ្រួសារសពបានត្រឹម នៅអង្គុយរង់ចាំមើលសពអណ្ដែតតែប៉ុណ្ណោះហើយបានប្រមាណជាជាង៣ម៉ោងក្រោយមកទើបឃើញសាកសពអណ្តែតឡើង ត្រូវបានក្រុមគ្រួសារជួលទូកគេទៅស្រង់សពយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត ៕ ប្រាថ្នា