ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្រុកសៀមប៉ាងព្រួយបារម្ភពីគោក្របីងាប់ បាត់បង់កម្លាំងអូសទាញនៅរដូវវស្សា

ចែករំលែក៖

 

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋក្នុងភូមិចន្ទុ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោក្របីរបស់ពួកគាត់កើតជម្ងឺហើមក ហើមពោះ ខ្លះងាប់ជាបណ្តើរៗ និងខ្លះទៀតកំពុងឈឺ ក្នុងមួយគ្រួសារៗងាប់ជិត១០ក្បាល ដែលធ្វើឱ្យពួកគាត់បាត់បង់កម្លាំងអូសទាញ សម្រាប់ធ្វើការបង្កបង្កើនផល នៅរដូវវស្សានេះ។

លោកឡាត ថាយ តំណាងប្រជាពលរដ្ឋក្នុងភូមិចន្ទុបានប្រាប់ឱ្យដឹងថា ពួកគាត់ក្នុងមួយគ្រួសារៗ មានគោក្របីចាប់ពីជាង២០ក្បាល ចាប់តាំងពីចុងខែមេសាកន្លងមក គោក្របីរបស់ពួកគាត់បានចាប់ឈឺបណ្តើរៗ តែមិនច្រើនដូចពេលនេះទេ ក្នុងមួយគ្រួសារៗ ខ្លះងាប់៥ទៅ៦ក្បាល ខ្លះងាប់៣-៤ក្បាល់ ដោយសារជំងឺហើមពោះ និងជំងឺហើម ក ហើយពួកគាត់ក៏មិនដឹងថា កើតជំងឺអ្វីនោះទេ ។

លោកបានបន្តឱ្យដឹងទៀតថា ចាប់ពីគោក្របីមានជំងឺមក គោ ក្របីរបស់គាត់បានបាត់ជាបន្តបន្ទាប់ ហើយពួកគាត់នាំគ្នាដើររកក្នុងព្រៃ ប្រទះឃើញងាប់ក្នុងទឹកអូរ ខ្លះទៀតងាប់ក្នុងព្រៃ ខ្លះងាប់មេ សល់តែកូន ស្អុយដង្កូវចោះ និងមួយចំនួនទៀត ទើបតែងាប់ ឃើញហើម ក ហើមពោះ ហើយគោក្របីដែលនៅសល់ពីងាប់ និងខ្លះកំពុងឈឺត្រូវបានពួកគាត់គៀងពីក្នុងព្រៃ ចូលមកក្នុងភូមិវិញ ដើម្បីទិញថ្នាំមកចាក់ខ្លួនឯង ខ្លះបានធូរ និងខ្លះទៀតកាន់តែធ្ងន់ទៅៗ ព្រោះគ្មានបច្ចេកទេសច្បាស់លាស់ ហើយភូមិពួគគាត់នៅឆ្ងាយ ពីទីរួមស្រុក ឆ្ងាយពីមណ្ឌលសុខភាពទៀតផងផ្លូវ ក៏លំបាក មិនងាយរកពេទ្យសត្វទៅនោះទេ។

លោកចាន់ សុខា មេឃុំសេកុងបានអះអាងថា៖ រដូវនេះជារដូវវស្សា បើសិនគោក្របីមានជំងឺឈឺថ្កាត់ងាប់ច្រើននោះ វាបានធ្វើឱ្យពួកគាត់បាត់បង់កម្លាំងអូសទាញ ពីព្រោះប្រជាពលរដ្ឋនៅក្នុងភូមិសេកុង ភាគច្រើនមិនសូវមានជីវភាពធូរធានោះទេ ទើបមិនសូវទិញគោយន្តមកប្រើប្រាស់។

លោកមេឃុំបន្តថា ក្នុងមួយឆ្នាំមួយឆ្នាំគេសង្កេតឃើញថា សត្វគោក្របីក្នុងភូមិតែងតែមានជំងឺឈឺងាប់តិចតួច កន្លងមកនៅក្នុងឆ្នាំ២០១៦ ក៏មានគោក្របីឈឺងាប់ ស្ទើររាប់រយក្បាលដោយគ្រោះរាំងស្ងួត តែនៅក្នុងឆ្នាំ២០១៧នេះ មិនមានគ្រោះរាំងស្ងួតនោះទេ តែគោក្របីបែរជាមានជំងឺងាប់គោក្របីជាបន្តបន្ទាប់ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ពេលដែលរដូវបង្កបង្កើនផលឈានចូលមកដល់។

ចំពោះការព្រួយបារម្ភនេះលោក រតនា មន្ត្រីបសុព្យាបាលខេត្តបានបញ្ជាក់ថា កម្លាំងរបស់លោកបានសហការជាមួយពេទ្យសត្វមូលដ្ឋាន បានចុះចាក់ថ្នាំព្យាបាលគោក្របី ជូនប្រជាពលរដ្ឋនៅភូមិខាងលើបានចំនួន២០៣ក្បាល ។ ចុងក្រោយលោកសំណូមពរដល់ប្រជាពលរដ្ឋដែលមានគោក្របី ចិញ្ចឹមកុំលែង យើងត្រូវមើលថែវា ជៀសវាងពេលមានជំងឺឈឺថ្កាត់យើងអាច ព្យាបាលវាទាន់ពេលវេលា ៕ មាស សុផាត


ចែករំលែក៖