ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនៅវេលាម៉ោង៧និង៤៥នាទីថ្ងៃទី២១ ឧសភានេះបានចាប់ផ្តើមដង្ហែលក្បួនស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ចេញពីមជ្ឈមណ្ឌលកោះពេជ្រ ហើយ ដោយក្បួនដង្ហែលនេះបានហែលចេញពីមានសមាជិកសមាជិកាចូលរួមដង្ហែរប្រមាណជាង៦ម៉ឺននាក់។
នៅម៉ោង៧ព្រឹកសមាជិកសមាជិកាដឹកនាំដោយលោកប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានធ្វើពិធីនេះដោយជួបជុំគ្នានៅលើមជ្ឈមណ្ឌលកោះពេជ្រ រួចទើបដង្ហែរក្បួនចេញទៅស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅតាមមូលដ្ឋាននីមួយៗក្នុងរាជធានីភ្នំពេញ។
មន្ត្រូីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានប្រាប់អោយដឹងថា សម្រាប់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភាយុទ្ធនាការស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជាបានសម្រេចធ្វើយុទ្ធនាការស្វែងរកសំឡេងគាំទ្រនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ៦ម៉ឺននាក់ មកពី១២ខណ្ឌនៅទូទាំងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ការបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីព្រមៗគ្នានៅទូទាំងប្រទេស ដោយភ្ជាប់ជាមួយការប្រារព្ធទិវាចងចាំនេះផងដែរ ដែលទិវាចងចាំ គឺជាទិវារំលឹកដល់ភាពខ្លោចផ្សា ការរងទុក្ខវេទនា និងការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
យោងតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ ក្នុងរយៈពេល ១៤ថ្ងៃនេះ គណបក្សនយោបាយទាំងអស់អាចដង្ហែក្បួនឃោសនានៅតាមឃុំ សង្កាត់ ដែលចុះឈ្មោះប្រកួតប្រជែងបានតែពីរដងប៉ុណ្ណោះ។ដោយឡែកកម្លាំងសមត្ថកិច្ចរាប់ម៉ឺននាក់ ក៏ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ទាំងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងពេលបោះឆ្នោតនោះផងដែរ៕ សំរិត