ខេត្តស្វាយរៀង៖ ជនជាតិវៀតណាម៧នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ពាក់ពន្ធ័នឹងករណីចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្រុងបាវិត និងបានរំដោះជនរងគ្រោះបាន១៣នាក់ ។
ពាក់ពន្ធ័នឹងករណីនេះដែរ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន៖
១ ឈ្មោះ ត្រឹង មិញហៀប អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិលេខ១ ឃុំមីកុង ស្រុកតឹងបៀម ខេត្តតៃនិញ ប្រទេសវៀតណាម ។
២ ឈ្មោះ ង្វៀន បែថាវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំភូមិសឹកបាយ ឃុំតឹងជុង ស្រុកតឹងបៀន ខេត្តតៃនិញ ប្រទេសវៀតណាម ។
៣ ឈ្មោះ ហ្វាម វឹកថាយ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅភូមិបុងចាង ឃុំថាន់ឌឹក ស្រុកកយូវ ខេត្តតៃនិញ ប្រទេសវៀតណាម
៤ ឈ្មោះ ផាម ញឹកទ្រឿង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសូម៉ា ឃុំទ្រឿង ត្រាច់ ស្រុកក្រយូវ ខេត្តតៃនិញ ប្រទេសវៀតណាម ។
៥ ឈ្មោះ ង្វៀន ចូវវ៉ាយញី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបុិញទ្រុង ឃុំញឹងថាញ់ទ្រុង ស្រុកតឹងអាន ខេត្តឡុងអាង ប្រទេសវៀតណាម ។
៦ ឈ្មោះ ង្វៀន កុងមី ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរលក់ដូរ មានទីលំនៅភូមិតឹងបៀន ឃុំតឹងបៀនស្រុកតឹងបៀនខេង្តតៃនិញប្រទេសវៀតណាម និង
ទី៧ ឈ្មោះ ខាន់ យី ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរចងការប្រាក់ នៅក្នុងកាសុីណូពិភពថ្មី ទីលំនៅភូមិថាន់ឌឹក ឃុំបុងចាង ស្រុកក្រយូវ ខេត្តតៃនិញ ប្រទេសវៀតណាម ។
ប្រភពបន្តថា កាលនៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការចូលរួមសម្របសម្រួលពី លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការ បង្ក្រាប ករណីចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់នៅក្នងកាសុីណូពិភពថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត។
នៅពេលនោះ សមត្ថកិច្ចបានឆែកឆេរបន្ទប់លេខ-G014-B107-B109-B114 នៃសណ្ឋាគារ និងកាសុីណូ ពិភពថ្មី ហើយបានជួយសង្រ្គោះជនរងគ្រោះចំនួន ១៣នាក់ ខណៈចាញ់ល្បែងអស់លុយខ្ចីលុយអ្នកចងការ គ្មានប្រាក់សង ទើបបង្ខាំងបែបនេះ ។
ប្រភពបន្តថា ចំពោះវត្ថុតាងដែលដកហូតបានរួមមានៈ ទូរស័ព្ទដៃ៩គ្រឿង នាឡិកាដៃ១គ្រឿង ប្រាក់ដុងវៀតណាម៦,៨៨៣,៣០០ ដុង កាបូបដៃ៣ កាបូបលិខិតឆ្លងដែន២ក្បាល អត្តសញ្ញាណប័ណ្ណវៀតណាម៩សន្លិក និងបណ្ណបើកបន្ទប់របស់ខាងកាសុីណូ៩សន្លឹក។
បច្ចុប្បន្ន ជនរងគ្រោះទាំង១៣នាក់ត្រូវកងរាជអាវុធហត្ថខេត្តស្វាយរៀង ប្រគល់ទៅអោយខាងអាជ្ញាធរយោធាការពារព្រំដែនវៀតណាម ខេត្តតៃនិញ ប្រទេសវៀតណាម ហើយអាជ្ញាធរវៀតណាមបាន មកទទួលយក ទៅប្រទេសវៀតណាម ផងដែរ ៕ យឹម សុថាន