ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើគ្រញូងជាច្រើនគ្រឿងត្រូវបានរត់គេចផុត ក្រោយពេលកងរាជអាវុធហត្ថដេញប្រមាញ់ បង្ក្រាបបានមួយគ្រឿង និងតៃកុងម្នាក់ ទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

 

ខេត្តស្ទឹងត្រែងៈ រថយន្ត១គ្រឿងដឹកឈើគ្រញូងខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តដេញប្រមាញ់ បង្ក្រាបបាន កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ពានអូរគគី ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិក្របីជ្រំុ ឃំុក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

មន្ត្រីអាវុធហត្ថខេត្តម្នាក់បានប្រាប់ឲ្យដឹងថា តៃកុងរថយន្តដែលជាជនសង្ស័យបានចាប់ឃាត់ខ្លួន រួមនិងឈើគ្រញូងខុសច្បាប់ពេញនៅក្នុងរថយន្ត មានឈ្មោះ អំ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រអែម ឃំុស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើករថយន្តម៉ាកហាយឡែនដឺ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P 7336 ដោយដឹកជញ្ជូនឈើគ្រញូងចេញពីស្រអែម នៃខេត្តព្រះវិហារឆ្លងកាត់ស្ពានមេគង្គខេត្តស្ទឹងត្រែង បំណងដឹកឆ្ពោះយកទៅខេត្តរតនៈគីរី ខ្លួនស៊ីឈ្នួលថៅកែឈើគ្រញូងឈ្មោះយា ដុង ជាជនជាតិវៀតណាម នៅទីនោះ លុះមកដល់ចំណុចខាងលើ ក៏បានកម្លាំងអាវុធហត្ថតាមដេញប្រមាញ់ស្ទាក់ចាប់ឃាត់បានតៃម្តង ។

ករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងបានរថយន្តហាយឡែនដឺ ឈើគ្រញូងមួយរថយន្តពេញមានចំនួនប្រមាណជិត៣០០ដំុ យកមកកាន់ទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទាំងយប់ដើម្បីសាកសួរ ។ លុះដល់ព្រឹកឡើងទើបបានប្រគល់ទៅឲ្យខណ្ឌរដ្ខបាលព្រៃឈើខេត្តយកមករក្សាទុក ។

តាមប្រភពពីសមត្តកិច្ចម្នាក់បានលួចប្រាប់បានឲ្យដឹងថា រថយន្តដែលដឹកឈើគ្រញូងខុសច្បាប់ខាងលើនោះគឺពូកគេ បានរកសីុដឹកជាយូយាណាស់មកហើយមានជាច្រើនគ្រឿង នេះមិនមែនមានតែ១គ្រឿងនោះទេពេលចេញមកម្តងៗ មាន៣ទៅ៥គ្រឿងឯណោះ ហើយមានរថយន្តកាមរីស្វិត ពណ៌ឈាមជ្រូកមួយគ្រឿង សម្រាប់មើលផ្លូវឲ្យ នឹងមានរថយន្តទំនើនៗចាំបិតនៅខាងមុខផងនិងបិតនៅពីក្រោយទៀតផង។

ប្រភពបានបន្តថា ឈើគ្រញូងដែលចរាចរណ៍ ឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែងនោះ គឺចេញមកពីខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ ចូលមកដល់ស្រុកថា ឡាបរិវ៉ាត់ គឺគេមានអ្នករត់ការមើលផ្លូវ ជើងស្មាត់ម្នាក់ជាមេយោធាវិរៈ០១ប្រចាំនៅស្រែត្នោត ឈ្មោះជិន ហេង ទទួលមើលផ្លូវបន្តក្នុងមួយរថយន្ត១,៤០០ដុល្លារត្រឹមគល់ស្ពានមេគង្គ ទើបមកដល់ថ្ងៃនេះ បានបែកធ្លាយដល់លោកមេបញ្ជាការអាវុធហត្ថខេត្តបានតាមប្រមាញ់ដេញស្ទាក់ចាប់ឃាត់បានទាំងតៃកុងរថយន្ត និងឈើពេញតែម្តង ។

ជំុវិញនៅក្នុងរឿងនេះ លោក ភី សាម៉ន ជាមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាសបានប្រាប់កាលពីវេលាម៉ោង១២ និង២៨នាទី ថ្ងៃទី២១ ខែឧសភានេះឲ្យដឹងថា ឈើគ្រញូងដែលបានទទួលយកពីអាវុធហត្ថខេត្ត នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែឧសភា មានចំនួន២៩៥ដំុ ស្មើនឹង២១៤០គីឡូក្រាម ។ លោកបានបញ្ជាក់ឲ្យដឹងថា ចំពោះតៃកុង និងរថយន្តដែលចាប់ ឃាត់ខ្លួនបានរួមនឹងរថយន្តខាងលើនោះ លោកមិនបានទទួលនោះទេ គឺឃាត់ទុកនៅក្នុងទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តនៅឡើយចាត់ការយ៉ាងណានោះលោកមិនដឹងឡើយ ៕ មាស សុផាត


ចែករំលែក៖