ភ្នំពេញៈ ជនជាតិវៀតណាម៦៣នាក់ ក្នុងនោះមានស្រី២០ ត្រូវបាននគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនយកទៅសាកសួរនិងត្រួតពិនិត្យរកឯកសារស្នាក់នៅ និងឯកសារផ្សេងៗទៀត នាវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្ថិតតាមផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយរកឃើញមាន១៧នាក់ស្នាក់នៅកម្ពុជាមិនស្របច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ដឹកនាំកម្លាំងដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយបានចុះទៅចំណុចខាងលើបានពិនិត្យសំណុំបែបបទស្នាក់នៅរកឃើញមានជនបរទេសចំនួន៦៣នាក់ ស្រី២០នាក់ ក្នុងនោះមានប្រកាសទទួលស្គាល់ក្រសួងមហាផ្ទៃចំនួន៤៦នាក់ ស្រីចំនួន២០នាក់ ជាជនជាតិវៀតណាម។ ដោយឡែកមានជនជាតិវៀតណាមចំនួន១៧នាក់(ប្រុស)ផ្សេងទៀត គ្មានឯកសារត្រឹមត្រូវទេ គឺពួកគេបានលួចឆ្លងដែនស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវនោះឡើយ។ដោយហេតុនេះហើយទើបសមត្ថកិច្ចសម្រេចនាំ ជនជាតិវៀតណាមទាំង១៧នាក់នេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្តទៀត៕ ប្រាថ្នា