ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកនិយមគាំទ្របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពីគេបានឃើញឌីជេ អាចារ្យធំ បើកការតិះដៀលខ្លាំងៗទៅលើម្ចាស់បទ« រាំញីកែងជើង» លោក ជា ដេវីត។ ក្រោយបើកឆាកដៀមដាមតិះដៀលជាពាក្យសម្តីធ្ងន់ៗ ទៅកាន់គ្នាទៅវិញទៅនេះ បានធ្វើឲ្យតារាចម្រៀងប្រចាំផលិតកម្មហង្សមាស បាន ចេញសារលូកមាត់ចូលការពារតារាចម្រៀងរួមដំបូល ។
លេចចេញសង្រ្គាមពាក្យសម្តែងរវាងអាចារ្យធំបានបើកឆាកតិះដៀលជា ដេវីត និងបានដាក់ឈ្មោះថ្មីថា ជាអ្នកបំផ្លាញ វប្បធម៌ប្រពៃណីខ្មែរលួចក្បាច់ថៃរាំបែកស្លុយមកពង្វក់ក្មេង ជាមួយការស្លៀកពាក់ ដាក់ឈ្មោះថា G David តាម G Dragon បោះបង់វប្បធម៌ដូនតា សាបព្រោះវប្បធម៌ បរទេស។ សារនេះបានធ្វើឲ្យជា ជា ដេវីបង្ហោះពាក្យ ខ្លី ដើម្បីតប់ត ទៅ អាចារ្យធំក្នុងអាខោនផ្លូវការរបស់ខ្លួនថា ( អត់ខ្វល់ ) ដែលទំនងសារនេះ ជាការបញ្ចាក់របស់ ដេវិត ដែលមិនចង់ខ្វាយខ្ចល់ជាមួយអាចារ្យធំ ដែលបានហៅខ្លួនថា «អាពាល» ពេញមាត់នោះ។
មិនបានប៉ុន្មានម៉ោងផង ស្រាប់តែតារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស បានបញ្ចេញសារលូកចូលទៅកាន់ជម្លោះនៃការផ្លោងពាក្យសម្តីនេះ។ នាងលើកឡើងថា “ក្នុងនាមយើងជាជាតិសាសន៍ខ្មែរតែមួយហើយបង(អាចារ្យធំ) ក៏ជាសិល្បកររៀមច្បង បើមានកន្លែងណាខុសឆ្គង បងគួរប្រាប់ និងស្ថាបនា ដោយភាសាល្អ សមរម្យ ព្រោះភាសាខ្មែរយើងទន់ភ្លន់ណាស់បង”។ នាងបន្តថា “យ៉ាងហោចណាស់ ក៏G Devith បានធ្វើឲ្យបរទេសស្គាល់បទខ្មែរយើង ហើយ Devith ក៏បានកាន់ទង់ជាតិខ្មែរលើឆាកតន្រី្តអន្តរជាតិដែរ… Devith ក៏វធ្លាប់បានធ្វើរឿងល្អៗជាច្រើន ហេតុអីបងមិនសាកគិតបន្តិចមើល៍ កុំដោយសារកំហុសបន្តិចបន្តួច យើងនាំគ្នាជាន់ឈ្លី និងបំបាក់ទឹកចិត្តគាត់ហើយថា គ្នាជាអ្នកបំផ្លាញវប្បធម៌ ស្តាប់មើលទៅដូចជាលើសលប់ពេកហើយ ចំណុចខ្លះបងនិយាយត្រូវហើយ និយាយត្រូវច្រើនចំណុចទៀត ខ្ញុំគាំទ្របង តែបងមិនអាចទម្លាក់កំហុសដាក់ Devith តែម្នាក់អញ្ចឹងទេ…” ។
ការចេញមុខរបស់នាង ត្រូវបានគេដឹងថា ដើម្បីទាញផ្ជិតជម្លោះឲ្យកាន់តែរួមតូច ប៉ុន្តែគេនៅមិនទាន់ដឹងទេ ថាជម្លោះមួយនេះនឹងបន្តរីករាលដាលខ្លាំងជាងនេះ ឬបញ្ចប់គ្នាត្រឹមនេះ ដោយការយោគយល់ក្នុងនាមជាសិល្បករខ្មែរដូចគ្នានោះទេ៕ វឌ្ឍនា