ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ពាក្យប្តឹងទៅតុលាការខេត្តកំពង់ស្ពឺ៤ខែមិនទាន់ដោះស្រាយ និងសំណងផង ត្រូវចៅក្រមស៊ើបសួរបង្គាប់ឲ្យចូលបំភ្លឺរឿងហិង្សាដោយចេនាទៅវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ជាជនរងគ្រោះត្រូវ បានគេវាយនឹងដែកជើងឆត្រ័បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ហើយត្រូវបានសាច់ញាតិ ក្រុមគ្រួសារដឹកតាមរថយន្តផ្ទាល់ខ្លួន យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដេរ១២ថ្នេរដោយអាការធ្ងន់ពេក ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតបន្តទៀត ទើបបានធូរស្បើយខ្លះ ។

ពេលនោះដែរក្រុមគ្រួសារសាច់ញាតិបានដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឈានទៅដល់ការឃាត់ខ្លួនបានជនដៃដល់បាន រួចបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

ស្រាប់តែរំលងបាន៤ខែគត់ មិនទាន់មានដំណោះស្រាយ ឬខាងតុលាការហៅសួរនាំអ្វីសោះនោះ ក៏ត្រូវបានចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តកំពង់ស្ពឺឈ្មោះ ពេជ្រ ចិន្តា បានចេញដីកា(បង្គាប់ឲ្យចូលខ្លួន) ឲ្យជនរងគ្រោះ ក្នុងរឿងនោះទៅចូលខ្លួនបំភ្លឺរឿងបង្កហិង្សាដោយចេនា និងជេរប្រមាថជាសាធារណៈទៅវិញ។ ដោយបង្កាប់ឲ្យចូលខ្លួននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ប្រសិនបើជនរងគ្រោះដែល (គេចោទថា ជាជនសង្ស័យបង្កហិង្សានេះ) មិនចូលខ្លួនតាមការកំណត់ទេនោះ ចៅក្រមនឹងចេញដីកាឲ្យនាំខ្លួនតែម្តង ។

គាត់ និងក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាពក្នុងការរស់នៅខ្លាំងណាស់ ដ្បិតរឿងគេវាយរងរបួសធ្ងន់មិនទាន់ដោះស្រាយ ឬបានសំណងអ្វីមួយរៀលផងនោះ បែរជាក្លាយទៅជាជនជាប់សង្ស័យទៅវិញ ។

តាមសម្តីរបស់ជនរងគ្រោះឈ្មោះ ឡេង សារ៉ន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរអ្នកលក់ដូរ និងជាអ្នកយកព័ត៌មាន(អ្នកកាសែត) រស់នៅភូមិទូលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នោះបាននិយាយប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ គាត់ត្រូវបានឈ្មោះ ព្រំ វុត្ថា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិព្រៃត្រាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកដែកជើងឆត្រមកវាយសន្ធាប់មកលើរូបគាត់តែម្តង ពេលដែលគាត់ដៃទទេ បណ្តាលឲ្យរងរបួសបែកក្បាលពីក្រោយ ហូរឈាមជោកខ្លួន និងរបួសដងខ្លួនរហូតដល់សន្លប់ ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តខេត្តកំពង់ស្ពឺ រងរបួសដោយក្រុមគ្រូពេទ្យបានដេររបួស១២ថ្នេរ ដោយអាការធ្ងន់ពេក ក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតបន្តទៀត ទើបបានធូរស្បើយបន្តិច មិនទាន់ជាស្រួលបួលផងនោះ ដោយមានអាការចេះតែវិលមុខ។

បុរសរងគ្រោះដែល(ជាប់ចោទថា ជាជនសង្ស័យ)វិញ នោះបាននិយាយបន្តទៀតថា ចាប់តាំងពីក្រុមគ្រួសារគាត់បានដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរហូតបញ្ជូនទៅដល់តុលាការខេត្តកំពង់ស្ពឺទៀត មិនទាន់ឃើញមានតុលាការហៅទៅសួរនាំម្តងណាឡើយ តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ មានរយះពេល៤ខែមកហើយ ក៏ស្រាប់តែនឹកស្មានមិនដល់ នគរបាលមូលដ្ឋានរបស់គាត់ បានយកដីកាបង្គាប់ឲ្យគាត់ចូលខ្លួនទៅបំភ្លឺរឿង (ហិង្សាដោយចេនា និងជេរប្រមាថជាសាធារណៈ)ទៅវិញ ដែលទង្វើរបស់ប្រព័ន្ធតុលាការខេត្តកំពង់ស្ពឺនេះ ហាក់បីដូចជាមិនយុត្តិធម៌សម្រាប់រូបគាត់ ដែលជាជនរងគ្រោះ (ក្លាយទៅជាជនសង្ស័យទៅវិញ) ។

ជនរងគ្រោះដដែលបានលើកម្រាមដៃដប់ សំណូមពរដល់តុលាការខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យ និងសើរើសំណុំរឿងរបស់គាត់ ដែលជាជនរងគ្រោះត្រូវគេវាយស្ទើរស្លាប់ស្ទើរស់ មិនទាន់បានធូរស្បើយស្រួលបួលផង បែរក្លាយទៅជាជនសង្ស័យចូលបំភ្លឺរបស់ចៅក្រមទៅវិញ ។

គាត់សូមសំណូមពរ និងអំពាវនាវដល់ក្រសួងយុត្តិធម៌ ជួយដាក់ក្រុមអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ចុះពិនិត្យលើទង្វើរបស់ប្រពន្ធ័តុលាការខេត្តកំពង់ស្ពឺ ដែលរងនូវភាពអយុត្តិធម៌ដូចរូបគាត់ជាដើម ។ គាត់ជាជនរងគ្រោះ បែរក្លាយទៅជាជនជាប់ចោទទៅវិញ។ ជាពិសេសជាងនេះទៅទៀតនោះ សំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន មេត្តាជួយរូបគាត់ដែលត្រូវគេវាយរងរបួសជិតស្លាប់ហើយនោះ បែរជាតុលាការខេត្តកំពង់ស្ពឺបានឃុបឃិតជាមួយជនខិលខូចមួយចំនួនរត់ការឲ្យជនដៃដល់រួចទោស នៅក្រៅឃុំ ហើយបែរជាកែសំណុំរឿងគាត់ជាជនរងគ្រោះ ប្រែក្លាយជាជនសង្ស័យទៅវិញ សូមសម្តេចមេត្តាជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋដែលរងនូវភាពអយុត្តិធម៌ផង មានតែសម្តេចទេ ជាអ្នកជួយដល់ប្រជាពលរដ្ឋរបស់សម្តេចបាន ។

ជាចុងក្រោយ រូបគាត់(ជនរងគ្រោះ) និងក្រុមគ្រួសារបានសំណូមពរដល់ថ្នាក់លើ មេត្តាជួយរកយុត្តិធម៌ឲ្យរូបគាត់ ដែលជាជនរងគ្រោះហើយប្រែក្លាយទៅជាជនជាប់ចោទទៅវិញនោះផង៕ សេនា សក្តិ


ចែករំលែក៖