ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជវុធហត្ថមូលដ្ឋានស្រុកវាលវែង និងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើធនធានធម្មជាតិកងរាជអារវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សឹុម សាមឿន ស្នងការរងស្នងការដ្ឋានសន្តិសុខ និងបច្ចេកទេសកងរាជអារវុធហត្ថលើផ្ទៃប្រទេស រុករក និងបង្រ្កាបបទល្មើសព្រៃឈើប្រភេទឈើអារប្រមាណជិត ១០០ម៉ែត្រត្រីគុណ យកទៅប្រគល់ឲ្យមន្រ្តីបរិស្ថានទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុសអនុវត្តន៍បន្ត។
ប្រតិបត្តិការខាងលើធ្វើឡើងរយៈពេលបីថ្ងៃពេញ គឺថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចព្រៃភ្នំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងតាមទូរស័ព្ទនាល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នេះថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើខាងលើ កម្លាំងរិបអូសឈើអារប្រភេទ(រាជកុល) និងឈើប្រភេទប្រណិតធ្នង់ មានចំនួនច្រើនកន្លែងផ្សេងៗគ្នា និងមានច្រើនដុំ ហើយកម្លាំងបានអនុវត្តន៍ការងារដោយទុករកបណ្ដើរ វាសវែងជាបណ្ដើរ និងមានចំនួនស្មើនឹងជាង ៧៤ម៉ែត្រត្រីគុណ ។
លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងបន្តថា នៅល្ងាចថ្ងៃទី២៣ ខែឧសភា កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងផ្ទៃប្រទេសបានដកមកក្រោយមួយជំហានសិន ចំណែកវត្ថុតាង(ឈើ) បានប្រគល់ឲ្យមន្រ្តីបរិស្ថានទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស រក្សាទុកជាបណ្ដោះអាសន្ន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងជួយផងដែរ៕ ប៉ឹម ពិន