ភ្នំពេញ៖ រឿងក្តីឃាតកម្មសម្លាប់កូនថៅកែនំប៉័ងហេង ចេង ក្រុង តាខ្មៅ រហូតមកទល់ពេលនេះ តុលាការកំពូលសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានបានការដដែល ពោលគឺ ជនជាប់ចោទម្នាក់ត្រូវជាប់ពន្ធនាគារអស់មួយជីវិត និង ពីរនាក់ទៀតជាប់ពន្ធនាគារម្នាក់ៗ១៥ឆ្នាំ ។ ម្តាយជនជាប់ចោទ អះអាងថា នេះជាការសម្រេចក្តីអយុត្តិធម៌ ។
លោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅព្រឹកថ្ងៃទី២៤ ខែឧសភា នេះ សម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ពេញទាំងមូល ។ មេធាវីការពារជនជាប់ចោទ ថ្លែងថា ជម្រើសបន្តមានតែធ្វើបណ្តឹងសើរើប៉ុណ្ណោះ ។
គួរបញ្ជាក់ថា លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ កន្លងទៅ សម្រេចដាក់គុកលើឈ្មោះ សេង ចាន់ធី មួយជីវិតដដែល ។ កែប្រែបទចោទលើឈ្មោះ ឥន្ឋ រស្មី និង ឈ្មោះ សេង សុក ពីដាក់ពន្ធនាគារមួយឆ្នាំ មកជា១៥ឆ្នាំ វិញ ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និង បទបង្ខាំងមនុស្សខុសច្បាប់ តាមមាត្រា ២៩ មាត្រា ២០០ និង មាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ ។ ក្នុងនោះលោកចៅក្រម ក៏សម្រេចដាក់មាត្រា ៩៣ និង ៩៤ នៃក្រមព្រហ្មទណ្ឌ ដែលជាមាត្រាសម្រាលទោសផងដែរ ។
គួររំលឹកថា សពជនរងគ្រោះឈ្មោះ ហេង ពិសិដ្ឋ អាយុ ២៥ឆ្នាំ រៀននៅសាកលវិទ្យាល័យឯកជនមួយនារាជធានីភ្នំពេញ ជាកូនថៅកែ ហាងនំបុ័ងយីហោ ហេង ចេង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ អណ្ដែតទឹកក្បែរជើងភ្នំកក់ ស្ថិតក្នុងភូមិតារាជចុងកើត ឃុំកក់ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ សាច់ញាតិជនរងគ្រោះបាននិយាយថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះតាំងពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ មកម្ល៉េះ ។ ជនរងគ្រោះបានជិះរថយន្តមួយគ្រឿងចេញពីផ្ទះម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកកណ្ដាល 2A-9699 មិនដឹងទៅទីណា។ សមត្ថកិច្ចខេត្តកណ្តាលបានឃើញរថយន្តរបស់ជនរងគ្រោះ ត្រូវបានឃើញផ្លុងចោលនៅផ្លូវចូលបុរីស្វាយរលំ ក្នុងដីឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ផ្អែកតាមវត្ថុតាង និង ចម្លើយរបស់សាក្សី សមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់តែម្តង ៕ ចេស្តា