ព័ត៌មានទាន់ហេតុការណ៍៖

ឈិន សុធារីព្រមានស្រីកំណាន់ សុវណ្ណ មករា

ចែករំលែក៖

ភ្នំពេញ៖ ក្រោយលេចចេញរឿងចម្រូងចម្រាសរហូត សុវណ្ណ មករា ប្រកាសដើរចេញពី ឈិន សុធារី មកគេសង្កេតឃើញលេចចេញការរិះគន់ខ្លាំងៗទៅលើសុវណ្ណ មករា ដែលសុខចិត្តចោលភរិយា និងកូនតូចៗទៅតាមស្រីកំណាន់។ ចុងក្រោយនេះ ឈិន សុធារី បានប្រកាសព្រមានហែកហួររឿងអាស្រូវស្រីកំណាត់ ស្វាមី ប្រសិនបើមិនឈប់ឌឺដងផ្លែផ្កាដាក់នាង។

ឈិន សុធារី បានបើកផ្លូវឲ្យស្វាមីដែលខ្លួនធ្លាប់ឱបនឹងដើមទ្រូងទៅឲ្យនារីផ្សេងក្តី ក៏នាងនៅតែមិនអស់ចិត្តនឹងទង្វើដែលនារីដែលឆក់ប្តីនាងហើយ នៅតែផ្គើន និងផ្លែផ្កាដាក់ឲ្យនាងថែមទៀតនោះ។ នាងលើកឡើងថា ក្រៅពីនៅឈឺចិត្តស្អិតទ្រូងនឹងគេឆក់យកប្តីហើយ គឺនៅទ្រាំឲ្យស្រីស្នេហ៍ថ្មីរបស់ប្តីមកឌឺដងលេបខាយផ្លែផ្កាឲ្យទៀត ទើបនាងអត់ទ្រាំមិនបានជាមួយនឹងពាក្យព្រមានថា នឹងហែកឲ្យមហាជនឃើញអំពីទង្វើរបស់តារាសម្តែងស្រី ឌីលី ណា ហៅហូណា នេះឲ្យខ្ទេចប្រាប់មហាជន។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក តារាស្រីរូបនេះ បានលើកឡើងថា នាងកំពុងមានទុក្ខធំហើយជួបរឿងមិនគួរជួប និងរឿងរ៉ាវអយុត្តិធម៌សម្រាប់ជីវិតរបស់នាង។ សុធារីបញ្ជាក់ថា អតីតស្វាមីនាង មិនទាន់ដឹងអំពីល្បិចកលមាយារបស់គូស្នេហ៍ថ្មីទេ ទើបធ្វើឲ្យតារាស្រីនេះថ្លើមធំហ៊ានផ្គើន និងសម្ញែងអួតប្រាប់គេដទៃ និងមើលងាយនាងជាប្រពន្ធវិញ។ នាងព្រមានបន្តទម្លាយរឿងរ៉ាវនៅពីក្រោយតារាសម្តែងស្រីឌី លីណា ទៀតប្រសិនបើនាងនៅតែផ្គើន និងមិនព្រមបញ្ចប់ការរុកគួនជីវិតរស់នៅរបស់នាង ។ អ្វីដែលនាងចង់បាន គឺភាពស្ងប់សុខ ហើយនាងក៏មិនព្រមនៅស្ងៀមដែរ ប្រសិនបើស្រីកំណាន់របស់ស្វាមីនាងនៅតែព្រហើនឌឺដងផ្លែផ្កាឲ្យនាង។

សុធារី លើកឡើងថា នាងអាចនឹងទប់លែងបាន ហើយនឹងទម្លាយរឿងរ៉ាវអាស្រូវមួយចំនួនរបស់តារាស្រីទើបល្បីឈ្មោះរូបនេះ នៅថ្ងៃណាមួយដែលនាងអស់ការអត់ទ្រាំនោះ។

គេចាំបានថា សុវណ្ណ មករានិងឈិន សុធារីបានសម្រេចចិត្តចូលរោងការជាមួយគ្នាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។ កន្លងមកថ្មីៗនេះ ចំណងស្នេហ៍ឈិន សុធារី និងសុវណ្ណ មករាបានលេចចេញទំនាស់ជាហូរហែដូចជាករណីឈិន សុធារី បានតាមទាន់ស្វាមី និងស្រីកំណាន់នៅផ្ទះសំណាក់ហើយផ្ទុះរឿងប្រតាយប្រតប់គ្នា និងបណ្ដាលឲ្យអ្នកនាងជាំសាច់ និងមានរបួសស្ទើរពេញខ្លួនប្រាណ។ ចុងក្រោយសុវណ្ណ មករា បានសម្រេចចិត្តចាកចេញពីផ្ទះទៅរស់នៅជាមួយនារីកំណាន់រហូតលេចចេញការរិះគន់ខ្លាំងៗពីមហាជន៕ វឌ្ឍនា


ចែករំលែក៖