ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរសព័្ទបានសម្រេចតែគេចមិនរួច ប្រជាពលរដ្ឋព័ទ្ធចាប់បានទាំងម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញៈ ចោរឆក់២នាក់ជិះម៉ូតូមួយគ្រឿងទៅធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីម្នាក់បានសម្រេច តែត្រូវបងប្អូនប្រជាពលរដ្ឋឃើញទាននាំគ្នាស្រែក និងព័ទ្ធស្ទាក់ចាប់ខ្លួនបានប្រគល់ឲ្យទៅសមត្ថកិច្ចដោយរឹបអូសបានម៉ូតូមួយគ្រឿងផង ។

ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង៤និង៤០នាទីព្រឹកទៀបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខផ្សារសុិនជូរី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបានមានឈ្មោះ ហៃ សុធា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឈ្មោះ ឌី វិច្ឆ័យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ជាអ្នកបើកបរម៉ូតូ។ ទាំង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Let ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FY-2270 ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពដើរឆក់ និងដើរលួច។

មន្រី្តនគរបាលប៉ុស្តិ៍កាកាបបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជិះម៉ូតូចេញពីមជ្ឈមណ្ឌលកោះពេជ្រ ធ្វើដំណើរកាត់មកតាមផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច។ មកដល់ចំណុចខាងលើពួកគេបានឃើញស្រ្តីម្នាក់កំពុងជិះម៉ូតូម៉ាក Zoomer x និយាយទូរស័ព្ទ ដោយមានបុរសម្នាក់ជាអ្នកឌុបធ្វើដំណើរពីលិចទៅកើត។ពេលឃើញដូច្នេះពួកគេបាន បត់ម៉ូតូត្រឡប់ក្រោយរួច ធ្វើសកម្មភាពឆក់យកទូរស័ព្ទ ម៉ាក iphone 6 plus ពណ៌ខ្មៅ ពីដៃនារីរងគ្រោះបានសម្រេច ហើយជិះរត់គេច ទៅខាងក្រោយផ្សារសុិនជូរី។ ភ្លាមៗនោះត្រូវបានបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះឃើញបែបនេះក៏ស្រែកដេញស្ទាក់ចាប់បានត្រង់ចំណុចភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប។ រីឯជនរងគ្រោះមិនបានឈប់ ឬទៅប្តឹងសមត្ថកិច្ចទេដោយទំនងជាភ័យពេកក៏នាំគ្នាជិះម៉ូតូទៅមុខទៀតបាត់ទៅ។ ដោយឡែកសមត្ថកិច្ចរងចាំម្ចាស់ទូរស័ព្ទជាជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង និងសាកសួរនៅតែមិនទាន់ឃើញមកឡើយ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួចមក ត្រូវបាននគរបាលប៉ុស្តិ៍កាកាប សាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ រួមជាមួយវត្ថុតាងទូរស័ព្ទដៃមួយគ្រឿង ម៉ូតូមួយគ្រឿង ដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖