ព័ត៌មានទាន់ហេតុការណ៍៖

កូនកាត់រុស្សីសួន រ៉ានីរ៉ាស៊ីនី បានតំណែងតួឯកដំបូងប៉ះសុទ្ធតែតួល្បីៗ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងប្រុសកូនកាត់រុស្សី សួន រ៉ានីរ៉ាស៊ីនី ទើបនឹងទទួលបានតំណែងតួឯកប្រុសជាលើកដំបូងរបស់ខ្លួន ហើយក្នុងរឿង ណូលីណូឡា របស់ផលិតកម្មមហាហង្ស។ តួឯកលើកដំបូងតារាប្រុសរូបនេះ ត្រូវជួបនឹងជួបជាមួយនឹងតារាសម្តែងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនរូប ។

ក្នុងពិធីក្រុងពាលីចាប់ផ្តើមចេញថតភាពយន្ត «ណូលីណូឡា» កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា គេសង្កេតឃើញមានវត្តមានតារាសម្តែង កំប្លែងប្រុស ស្រីជាច្រើនរូប។ លោកសួន រ៉ានីរ៉ាស៊ីនី ក៏ត្រូវបានគេដឹងថា បានសម្តែងជាតួឯកលើកដំបូងរបស់ខ្លូន បន្ទាប់ពីប្រឡូកក្នុងអាជីពសិល្បៈអស់មួយរយៈពេលកន្លងទៅ។ លោកថា ម្តាយលោកគឺជាជនជាតិរុស្សី ខណៈដែលឪពុកលោកគឺជាជនជាតិខ្មែរ ហើយបច្ចុប្បន្នលោក និងក្រុមគ្រួសារកំពុងរស់នៅកម្ពុជា។ លោកថា កន្លងមកលោកធ្លាប់បានចូលរួមសម្តែងក្នុងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងបទចម្រៀងតែប៉ុណ្ណោះ ព្រោះតែលោករវល់នឹងការសិក្សា។ សិល្បករដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលរូបនេះបញ្ជាក់ថា លោកចាប់ផ្តើមប្រឡូកសិល្បៈខ្លាំងកាលពីពេលថ្មីៗនេះ ដែលមុននេះលោកបានសម្តែងក្នុងភាពយន្តរឿង«ផ្ទះសសរកណ្តាល» របស់ផលិតកម្មRed Picture។

លោកបន្តថា ទោះមិនមានឱកាសក្នុងការសម្តែងច្រើន ប៉ុន្តែលោកធ្លាប់ទទួលបានបទពីសោធន៍មួយចំនួនធំពីតារារៀមច្បង។ តារាសម្តែងវ័យ២៤ឆ្នាំរូបនេះបន្តថា ក្នុងរឿងនេះ លោកសម្តែងជាតួឯកប្រុសឈ្មោះបុរាណ ដែលមានអត្តចរិកម៉ឺងម៉ាត់ខ្លាំង។ លោកថា ក្នុងរឿងនេះលោកត្រូវសម្តែងរួមជាមួយតារាសម្តែងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើន ដូចជាអ្នកនាងភិន សុដាលី កញ្ញាឌុច លីដា លោកភឹម តារាវិបុល អ្នកស្រីចាន់ តារាទី នាយពាក់មី នាងខ្ញុង លោកងួន សុបិន្ត អ្នកនាងប៉េងប៉ោង កញ្ញាហេង ស្រីពេជ្រ DJ កាកា ជាដើម។

លោកថា មិនមានអ្វីដែលជាការព្រួយបារម្ភទេ ដែលលោកសម្តែងរួមជាមួយពួកគាត់ គឺលោកមានតែស្បាយចិត្ត ដែលបានសម្តែងរួមជាមួយតារាល្បីឈ្មោះទាំងអស់។ លោករំពឹងថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងនៅពេលខាងមុខ ។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានបញ្ជាក់រឿង «ណូលីណូឡា» គឺជារឿងធំដែលចម្រុះដោយតួល្បីៗសឹងគ្រប់តួសម្ដែងតែម្ដង និងជារឿងដែលលោកតាំងចិត្តថា នឹងធ្វើឲ្យមានប្លង់ស្ដង់ដារៗប្រកបដោយគុណភាពដើម្បីប្រកួតប្រជែង។ តារាសម្ដែងនៅក្នុងរឿងនេះ គឺជាតារាសម្តែងល្បីហើយការជ្រើសរើសតារាសម្តែងកូនកាត់រុស្សីសួន រ៉ានីរ៉ាស៊ីនី មកសម្តែងជាតួឯកនឹងទទួលបានការចាប់អារម្មណ៍ប្លែកថ្មី។

លោកថា ទោះពេលខ្លះតារាសម្តែងរូបនេះនិយាយខ្មែរមិនសូវច្បាស់ ប៉ុន្តែវាគឺជាភាពប្លែកថ្មីមួយសម្រាប់អ្នកទស្សនា ហើយតារារូបនេះសម្តែងបានល្អខ្លាំងតាមដែលការធ្វើតេស្តកន្លងមក ។ លោកថា ភាពយន្តនេះនឹងត្រូវចំណាយទុនផលិតប្រមាណជាង៦ម៉ឺនដុល្លារអាមរិក ដោយចំណាយពេលផលិតប្រមាណជាង៣ខែ ដើម្បីប្រាកដថា ជារឿងដែលមានគុណភាពខ្ពស់មួយ៕ វឌ្ឍនា


ចែករំលែក៖