ខេត្តកណ្តាល៖ បុរសសង្ស័យម្នាក់បានធ្វើសកម្មភាពលួចហើយបានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែអត់ស្គាល់ផ្លូវ បានសួរចំប្រជាការពារ ហើយមានការសង្ស័យ ប្រជាការពារបានហៅលោកមេភូមិ ហើយលោកមេភូមិបានហៅសមត្ថកិច្ចមកព័ទ្ធចាប់ជនសង្ស័យតែម្តង ។
អំពើលួចនេះកើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី នៅចំណុចទួលអ្នកតាស្លែង ភូមិកំចាត់ព្រាយ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះហុីម រ៉ហ្វាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី២ ទីលំនៅសព្វថ្ងៃ ភូមិទួលងោគ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
រីឯជនសង្ស័យឈ្មោះឯក ឡា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបានចាប់យកមធ្យោបាយម៉ូតូ១គ្រឿងម៉ាក C125 សេរី ឆ្នាំ២០១៤ឡើងតែមឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ និងគ្មានលិខិតសម្គាល់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១ សន្លឹក របស់ឈ្មោះ ហុឹម រ៉ហ្វាត, ប័ណ្ណសម្គាល់យានយន្ត១ សន្លឹក ឈ្មោះ ហុឹម រ៉ហ្វាត, កាតសិស្ស២សន្លឹក ឈ្មោះ ហុឹម រ៉ហ្វាត, បង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ១ សន្លឹក ឈ្មោះ ហុឹម រ៉ហ្វាត, បង្កាន់ដៃទទួលប្រាក់២សន្លឹក ឈ្មោះ ហុឹម រ៉ហ្វាត, កាតសមាជិក cellcard១ សន្លឹក និងកាបូបដៃ១ ។
ប្រភពបន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប្រជាការពារបានដើរ ទៅដាក់មងនៅចំណុចកើតហេតុ ពេលនោះក៏បានប្រទះឃើញមនុស្សប្រុសម្នាក់(ជនសង្ស័យ) មានភិនភាគ ដូចខាងលើបានជិះម៉ូតូ មកសួរគាត់ថា៖ មានផ្លូវណាទៅថ្នល់ទទឹងអត់? ក្នុងពេលនោះ គាត់មានការសង្ស័យ បានទូរសព្ទ័ប្រាប់លោកមេភូមិឲ្យចុះមកកន្លែងកើតហេតុ បន្ទាប់មកជនសង្ស័យដឹង ក៏ជិះម៉ូតូគេចខ្លួនចូលក្នុងព្រៃ ប៉ុន្តែត្រូវកម្លាំងប្រជាការពារ ចាប់ឃាត់ខ្លួនប្រគល់មកប៉ុស្តិ៍នគរបាលភ្នំបាត ក្នុងពេលនោះបានឆែកឆេរឃើញវត្ថុតាង និងឃាត់ខ្លួនតែម្តង ។
បន្ទាប់មកកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានចុះទៅនាំខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីបន្តចាត់ការបន្តតាមនីតិវិធី ៕