ខេត្តកណ្តាល៖ កម្មករប្រមូលសំរាមឲ្យក្រុមហ៊ុនប្រមូលសំរាមរបស់លោកប៉ោសេង ភាស៊ីស្អាងម្នាក់បានទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវបេតុងធ្លាក់ពីលើរថយន្តស្លាប់គួរឲ្យអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិត នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ថុងថេន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករប្រមូលសំរាម របស់លោកប៉ោសេង ភាសុីស្អាង មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពបន្តថា នៅថ្ងៃកើតហេតុកម្មករ៥នាក់៖ ១-ឈ្មោះថុង ថេន (សព)អ្នករៀបបាវថង់សំរាមលើឡាន, ២-ឈ្មោះ ង៉េង ឡូញ ភេទ ប្រុស អាយុ២៦ឆ្នាំកម្មកររៀបសំរាមលើឡាន, ៣- ឈ្មោះ ទូច គង់ ភេទប្រុស អាយុ ២៩ឆ្នាំ កម្មករបោះសំរាម, ៤- ឈ្មោះ មន មាន ភេទ ប្រុស អាយុ៣២ឆ្នាំ កម្មករបោះសំរាម និង៥-ឈ្មោះ សេន ប៉ូច ភេទប្រុស អាយុ ៣៥ឆ្នាំ កម្មករតៃកុងឡាន ។ ទាំង៥នាក់នេះបាននាំគ្នាប្រមូលសំរាមតាមផ្ទះពីផ្សារស្អាង ទៅដល់ចំណុចកន្លែងកើតហេតុខាងលើ ពេលនោះឈ្មោះ ថុង ថេន (សព) និងឈ្មោះ ង៉េង ឡូញ នៅលើឡានរៀបបាវថង់សំរាម ចំណែកឈ្មោះ មន មាន និងឈ្មោះទូច គង់ ជាអ្នកបោះសំរាម ហើយឈ្មោះ សេន ប៉ូច អ្នកបើករថយន្តម៉ាកហីុយ៉ាន់ដាយចំណុះ ៥តោន ដោយដាក់សំរាមផុតពីទ្រុងរថយន្តប្រហែលកន្លះម៉ែត្រទៅមុខតិចៗ ភ្លាមនោះ ប្រជាជននៅក្បែរនោះបានស្រែកថា មនុស្សធ្លាក់ពីលើឡានរួច ក៏នាំគ្នាជួយលើកជនរងគ្រោះបញ្ជូនទៅពេទ្យបង្អែកស្អាងរួចក៏បញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែតហើយលោកគ្រូពេទ្យបានប្រាប់ថា វះកាត់ក៏ស្លាប់ មិនវះក៏ស្លាប់ រួចក៏បញ្ជូនជនរងគ្រោះមកផ្ទះវិញ។
ប្រភពបន្តថា លុះដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១និង៣៩នាទីរសៀល ជនរងគ្រោះបានស្លាប់រួចក៏យកសពមកធ្វើបុណ្យនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចជំនាញដែលចុះធ្វើកោសល្យវិច័យបញ្ជាក់ថា តាមការពិនិត្យសពឃើញ កទន (ចាប់បង្វិលងាកឆ្វេងស្ដាំបាន), ស្មាផ្នែកខាងក្រោយមានស្នាមជាំ ហើយតាមការបញ្ជាក់របស់ឈ្មោះអ៊ូច គា ត្រូវជាម្ដាយសព ថា លោកគ្រូពេទ្យកាល់ម៉ែតប្រាប់គាត់ថា កូនគាត់មានឈាមកកនៅក្នុងខួរក្បាលមិនអាចសង្រ្គោះបានទេ។
តាមការបញ្ជាក់របស់ឈ្មោះ ឈិន នឿន ភេទប្រុស អាយុ៥៨ឆ្នាំមានទីលំនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាលថា កម្មករប្រមូលសំរាមធ្លាក់ពីលើរថយន្ដដឹកសំរាមដោយសារទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវបេតុងមុខផ្ទះគាត់ ។
ក្រោយពិនិត្យរួចសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕