ខេត្តសៀមរាប៖ ថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ ចុងឃ្មៀស ក្រុងសៀមរាប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលឃើញគ្រឿចក្រឈ្មួញដីឈ្មោះសិទ្ធ បានចាក់ដីលុបប្រឡាយមេ ដែលសម្រាប់រំដោះទឹកចេញពីខេត្តសៀមរាប ធ្វើឲ្យសង្កាត់មួយចំនួនក្នុងខេត្ត អាចនឹងប្រឈមក្នុងការលិចលង់នៅរដូវវស្សានេះ ។
ប្រភពដដែលបានបញ្ជាក់ថា អាជ្ញាធរនៅសង្កាត់ និងលោកចៅហ្វាយក្រុង ក៏បានដឹងពីសកម្មភាពរបស់ក្រុមឈ្មួញដីដែរ តែមន្ត្រីជំនាញទាំងនោះមិនបានចាត់វិធានការទប់ស្កាត់ ឬ ក៏ស្វែងរកដំណោះស្រាយ ឬ ចាត់វិធានការអ្វីឡើយ ។
ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅជាប់ប្រឡាយមេនេះបានពន្យល់ថា ប្រឡាយមេ១ខ្សែនេះ ជាមេប្រឡាយដ៏ធំ និងមិនដឹងសាងសង់ពីសម័យណា ឬ ជាប្រឡាយធម្មជាតិនោះទេ តែប្រឡាយនេះមានប្រវែងរាប់គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦A មក ចុងឃ្មៀស សម្រាប់រំដោះទឹកភ្លៀង ទឹកលូ មកចាក់នៅក្នុងប្រឡាយ ហើយហូរទៅកាន់បឹងទន្លេសាបរាប់ឆ្នាំមកហើយ ។ ដូចនេះការដែលក្រុមឈ្មួញដី ធ្វើសកម្មភាពលុបប្រឡាយមេនេះ គេមិនដឹងថា មានច្បាប់អនុញ្ញាត ឬមានការសិក្សាឲ្យល្អិតល្អន់ហើយឬនៅទេ ? តែភាពជាក់ស្តែង ប្រសិនបើប្រជាពលរដ្ឋធម្មតាលុបប្រឡាយ ឬ បឹងសាធារណៈ មន្ត្រីមូលដ្ឋាន ឬ មន្ត្រីជំនាញប្រាកដជាទប់ស្កាត់ភ្លាមៗ មិនខានឡើយ ។
តាមការបង្ហើបពីមន្ត្រីសាលាក្រុងម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការជីកលុបបឹងប្រឡាយនេះ សុទ្ធតែមានការឯកភាពពីចៅហ្វាយក្រុងសៀមរាប ព្រោះបើគ្មានការអនុញ្ញាតទេនោះ គ្រឿងចក្រមិនអាចធ្វើសកម្មភាពបានឡើយ ហើយអាជ្ញាធរមូលដ្ឋានក៏មិនឈរអោបដៃមើលដែរ គឺអាចនឹងទប់ស្កាត់បានភ្លាមៗ ហើយរាយការណ៍ទៅថ្នាក់លើជាមិនខានឡើយ ។
ប្រភពដដែលបានបញ្ជាក់ថា ចំពោះក្រុមឈ្មួញ បើមិនមានការសូកប៉ាន់ ឲ្យទៅអាជ្ញាធរមានសមត្ថិច្ចទេនោះ មិនអាចធ្វើអ្វីបានឡើយ។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋមូលដ្ឋានបានបញ្ជាក់ថា គ្រាន់តែរយៈពេលខ្លីសោះ ការជីកលុបប្រឡាយ និងសាងសង់សំណង់រឹងមាំពេញអស់ទៅហើយ ដូចនេះតើចៅហ្វាយក្រុងសៀមរាប មានវិធានការយ៉ាងម៉េចដែរ ? ប្រសិនបើគ្មានប្រឡាយរំដោះទឹកចេញពីខេត្តក្នុងរដូវវស្សាទេនោះ ? ។
ប្រភពដដែលបានរិះគន់ថា ប្រឡាយមេរំដោះទឹកនៅក្បែរភ្នំក្រោម កំពុងរងការចាក់ដីលុបប្រឡាយយកធ្វើជាកម្មសិទ្ធ ដោយសារអជ្ញាធរបើកដៃ ហើយសំណង់ជាច្រើនក៏កំពុងតែសាងសង់យ៉ាងអណាធិបតេយ្យ ដោយសារអជ្ញាធរ ភូមិ ឃុំបើកដៃ ជាពិសេសឈ្មួញដីឈ្មោះ សិទ្ធ ជាឈ្មួញដីដុះស្លែរ បានជីកស្រះយកអាចម៍ដី លក់រាប់សិបឆ្នាំហើយ នៅផ្ដុំភ្នំក្រោមនេះ ។
ទាក់ទិននឹងរឿងខាងលើនេះ ឈ្មោះសិទ្ធ ជាឈ្មួញដី កំពុងចាក់ដីលុបប្រឡាយមេ យកដីធ្វើជាកម្មសិទ្ធឯកជននេះ ធ្លាប់បានឆ្លើយតបតាមទូរស័ព្ទថា (អ្នកសារព័ត៌មានមើលឃើញតែកំហុសខ្ញុំ ត្រង់គេចាក់ដីលុបធ្វើការ៉ាសសាំងប៉ុណ្ណាណី ពួកលោកមើលមិនឃើញសោះ ។ ខ្ញុំលុបមែន ! ប៉ុន្តែខ្ញុំបានដាក់លូរួចហើយ) ៕ ប៊ុន រិទ្ធី