ព័ត៌មានទាន់ហេតុការណ៍៖

បុរសមានជំងឺសរសៃប្រសាទដើរមិនរួចប្រកាច់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់មានជំងឺសរសៃប្រសាទយូរឆ្នាំ ព្យាបាលមិនជាសះស្បើយ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ជនរងគ្រោះមានអាការឈឺធ្ងន់ ដើរមិនរួច និងបានប្រកាច់ស្លាប់នៅនឹងផ្ទះរបស់ខ្លួនយ៉ាងអាណោចអាធ័ម បន្សល់ទុកប្រពន្ធ និងកូន២នាក់ឲ្យនៅកំព្រា ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ម៉ោងប្រហែល១៧និង៥០នាទី នៅចំណុចលើផ្ទះរបស់ជនរងគ្រោះភូមិកណ្ដោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ ឈ្មោះ អ៊ុង តាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិកណ្ដោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានប្រពន្ធ និងមានកូន២នាក់ ស្រី១នាក់ ប្រុស១នាក់ ។

ប្រភពបន្តថា តាមការសួរបំភ្លឺរបស់ប្រពន្ធឈ្មោះជាម រ៉េត អាយុ៥០ឆ្នាំ មុខរបរកសិករនៅភូមិ ឃុំ កើតហេតុខាងលើបានឲ្យដឹងថា ពីមុនមកប្តីរបស់គាត់មានជំងឺសរសៃប្រសាទ ហើយគាត់ឈឺរហូត ក្នុងរយៈ ពេលបីថ្ងៃនេះ គាត់ដើរលែងរួច ក៏នៅដេកលើផ្ទះ ប្រពន្ធដាំបរបបញ្ជុកជារៀងរាល់ថ្ងៃរហូតមកដល់ថ្ងៃនេះ ស្រាប់តែកូនប្រុសឡើងទៅលើផ្ទះឃើញឪពុកខ្លួនប្រកាច់ ក៏ស្រែកហៅម្តាយឡើងទៅមើលឪពុក ហើយក៏បាន លើកប្តីដាក់លើភ្លៅ មួយសន្ទុះ ក្រោយមក ប្តីរបស់គាត់ដាច់ខ្យល់ស្លាប់ ។

ក្រោយមកទើបផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុចាប់ផ្តើមពិនិត្យសព ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ នគរបាលប៉ុស្តិ៍ក្រុមគ្រួសារសព ហើយបើតាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារមានជំងឺប្រចាំកាយ(សរសៃប្រសាទ)។

ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖