ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ ២នាក់ ក្នុងថ្ងៃតែមួយដោយសារលង់ទឹកក្នុងស្ទឹងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ២៥ ខែឧសភា ឆ្នាំ២០១៧ មានមនុស្សចំនួន២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្ងៃតែមួយ ដោយសារលង់ទឹកក្នុងស្ទឹងពោធិ៍សាត់។

ប្រភពព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋលាចបានឲ្យដឹងថា កាលពីវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅស្ទឹងពោធិ៍សាត់ ត្រង់ចំណុចកំពុងលង់ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីលង់ទឹកបណ្ដាលឲ្យស្លាប់ម្នាក់។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រឿន រតនៈ ភេទប្រុស អាយុ ១២ឆ្នាំ សញ្ជាតិខ្មែរ(កូនកំព្រា.ម្ដាយទៅប្រទេសថៃ)បច្ចុប្បន្នរស់នៅជាមួយជីដូន ស្ថិតក្នុងភូមិបាក់ត្រគួន ឃុំលាច ស្រុកភ្នំក្រវាញ ហើយមូលហេតុដែលកុមារារងគ្រោះលង់ទឹកស្លាប់ខាងលើ ត្រូវបានគេដឹងថាកុមារារងគ្រោះរូបនេះចុះងូតទឹកស្ទឹង គ្រានោះក៍រអិលជើងធ្លាក់ចូលអន្លង់ជ្រៅទឹកហូរគួចបាត់តែម្តង លុះក្រោយមកបន្តិចឃើញហើបខាងក្រោមកន្លែងកើតហេតុចម្ងាយប្រមាណជាង ១០០ម៉ែត្រ ចៃដន់មានអ្នកងូតទឹកនៅទីនោះផងក៍ស្រង់បានតែម្តង។

ដោយឡែក៖ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃដដែលនេះដែរ ត្រង់ចំណុចទឹកស្ទឹងពោធិ៍សាត់ដែរ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រូវបានប្រភពព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរប្រាប់ដែរថា មានករណីលង់ទឹកស្លាប់ចំនួន ១លើកផងដែរ ដោយបុរសរងគ្រោះម្នាក់ផឹកស្រាស្រវឹងជោគ បានដើរចូលទឹកស្ទឹងក្នុងគោលបំណងហែលឆ្លងទៅផ្ទះនៅត្រើយម្ខាង ប៉ុន្តែជាអកុសលក៍ត្រូវហូរកួចលង់ស្លាប់បែបនេះតែម្តង។

ប្រភពព័ត៌មានទាំងពីករណីខាងលើបន្តទៀតថា ក្រោយកើតហេតុសមត្តកិច្ចនគរបាលមូលដ្ឋានបានចុះដល់កន្លែង ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តដាក់ មុននឹងធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅចាត់ចែង៕ ប៉ឹម ពិន


ចែករំលែក៖